មនុស្ស ៦នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿងនៅនេប៉ាល់
- BY
- Pheakdey
- July 12, 2023
នេប៉ាល់៖ មនុស្សចំនួន ៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿងនៅក្នុងប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដានេះ។ នៅក្នុងឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿងនោះមានផ្ទុកគ្រួសារអ្នកទេសចរជនជាតិម៉ិចស៊ីកូចំនួន ៥នាក់ និងអ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ជនជាតិនេប៉ាល់។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្របានចេញដំណើរពីតំបន់ Lukla ដែលជាច្រកផ្លូវសម្រាប់ដើរឡើងទៅលើភ្នំអេវឺរេស និងមានទិសដៅហោះហើរទៅកាន់រដ្ឋធានី Kathmandu នៃប្រទេសនេប៉ាល់។ យ៉ាងណាក្តី ក្រោយធ្វើការហោះហើរបាន ៨នាទីស្រាប់តែឧទ្ធម្ភាគចក្របានដាច់ទំនាក់ទំនងពីក្រុមការងារអាកាសចរណ៍ ហើយបន្ទាប់មកឧទ្ធម្ភាគចក្រក៏បានធ្លាក់តែម្តង។ បើតាមអាជ្ញាធរអាកាសចរណ៍នេប៉ាល់បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យឧទ្ធម្ភាគចក្រធ្លាក់គឺបណ្តាលមកពីបញ្ហាអាកាសធាតុមិនអំណោយផល តែមិនមែនមកពីបញ្ហាគ្រឿងម៉ាស៊ីនរបស់ឧទ្ធម្ភាគចក្រនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះសាកសពរបស់ជនរងគ្រោះទាំង ៦នាក់នោះគឺត្រូវបានគេរកឃើញអស់ហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






