ចិនសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធដំណើរការកុំព្យូទ័រផលិតនៅក្នុងស្រុកជាលើកដំបូង
- BY
- Pheakdey
- July 15, 2023
ចិន៖ វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិនត្រូវបានគេមើលឃើញថា បានបោះជំហ៊ានទៅមុខយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ បើទោះជាសមិទ្ធផលថ្មីមួយចំំនួនរបស់ចិននៅមិនទាន់មានការប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោកក៏ដោយ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដានេះបានឲ្យដឹងថា ប្រទេសចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធដំណើរការកុំព្យូទ័រ ដែលផលិតនៅក្នុងប្រទេសចិនជាលើកដំបូងហើយ។

ប្រព័ន្ធដំណើរការកុំព្យូទ័ររបស់ចិននោះមានឈ្មោះថា OpenKylin ត្រូវបានផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា China Electronics Corp ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ខណៈក្រុមហ៊ុនមួយនេះបានបើកដំណើរការតាំងពីឆ្នាំ ១៩៨៩ម្លេះ។ គួរបញ្ជាក់ជូនថា ម៉ាស៊ីនកំុំព្យូទ័ររាប់ពាន់លានគ្រឿងដែលកំពុងត្រូវបានគេប្រើប្រាស់នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ គឺបានដំណើរការដោយការប្រើប្រាស់ប្រព័ន្ធដំណើរការ ឬតាមភាសាបច្ចេកទេសហៅថា Windows ដែលផលិតឡើងដោយក្រុមហ៊ុនរបស់អាមេរិក មានដូចជាផលិតផលរបស់ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Apple ជាដើម៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






