អន្តរជាតិ

ស្រ្តីម្នាក់ត្រូវចាប់ខ្លួនភ្លាមៗក្រោយព្យាយាមរត់ពន្ធសត្វពស់កម្រ ៥ក្បាលដោយរុំដាក់នៅក្រោមអាវក្នុងដើម្បីយកទៅលក់ក្នុងប្រទេសចិន

BY
Pheakdey
July 15, 2023

ចិន៖ ស្រ្តីជាអ្នកដំណើរម្នាក់ត្រូវបានអាជ្ញាធរចិនធ្វើការឃាត់ជាបន្ទាន់​ក្រោយគេបានរកឃើញថា រូបគាត់បានព្យាយាមរត់ពន្ធសត្វពស់ចំនួន ៥ក្បាលចូលក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃសៅរ៍ ទី១៥ ខែកក្កដា។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ខណៈអត្តសញ្ញាណលម្អិតរបស់ស្រ្តីជាជនសង្ស័យរូបនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។

ប្រភពខាងលើបន្តថា ស្រ្តីជាជនជនសង្ស័យគឺជាអ្នកដំណើរមកពីអាមេរិក ហើយរូបគាត់បានលាក់សត្វពស់ចំនួន ៥ក្បាល ដោយរុំសត្វពស់ទាំងនោះក្នុងស្រោមជើងចំនួន ៥ផ្សេងគ្នា និងបានដាក់សត្វពស់ទាំងនោះនៅក្រោមអាវក្នុងរបស់គាត់។ ពស់ទាំង ៥ក្បាលនោះគឺជាពស់កណ្តុរក្រហម ខណៈពូជសត្វពស់ប្រភេទនេះមានរស់នៅតែក្នុងតំបន់អាមេរិកខាងជើងប៉ុណ្ណោះ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ស្រ្តីជាជនសង្ស័យអាចរកប្រាក់បានរាប់ពាន់ដុល្លារពីលក់សត្វពស់ទាំងនោះនៅក្នុងទីផ្សារងងឹត ដ្បិតសត្វពស់ទាំងនោះជាប្រភេទសត្វកម្រ ហើយត្រូវបានពលរដ្ឋចិនមួយចំនួនជឿថា គឺជាឱសថដ៏មានប្រសិទ្ធភាពបំផុតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: