Pacquiao បានមកដល់ប្រទេសថៃ ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្ដីពីការប្រកួត ‘The Match of Legends’ ជាមួយ Buakaw នៅដើមឆ្នាំក្រោយ
- BY
- autoadmin
- July 21, 2023
ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានជិះយន្តហោះឯកជនរបស់គាត់មកដល់នៅទីក្រុងបាងកក របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នាម៉ោងប្រហែល ៣រសៀល ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្តីពីការប្រកួត ដែលនឹងគ្រោងធ្វើឡើងនៅខែមករា ឆ្នាំក្រោយ ជាមួយនឹងអ្នកប្រដាល់ថៃ Buakaw Banchamek។ កីឡាករហ្វីលីពីន ដែលហៅក្រៅថា PacMan ត្រូវបានទទួលស្វាគមន៍ដោយអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង មុនពេលឆ្ពោះទៅសណ្ឋាគារ។

នាយកប្រតិបត្តិរបស់ Fresh Air Festival លោក Vinij Lertratanachai បានឱ្យដឹងថា លោកកំពុងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលជាការប្រកួតរវាង Buakaw និង Pacquiao។ លោក Vinij បាននិយាយថា អ្នកប្រដាល់ជើងខ្លាំងទាំង ២ នឹងប្រកួតក្នុង «The Match of Legends» ឬ «The Match 3» ដែលគ្រោងនឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៤ នៅទីក្រុងបាងកក។
ចាប់តាំងពីឆ្នាំ១៩៩៥ លោក Pacquiao ដែលកំពុងមានវ័យ ៤៤ឆ្នាំ បានប្រកួតចំនួន ៧២ដង ដោយឈ្នះ ៦២ដង (ផ្ដួលគូប្រកួតឱ្យសន្លប់ ៣៩ដង) ចាញ់ ៨ដង និងស្មើ ២ដង។ ចំណែក Buakaw ទទួលបានកេរ្តិ៍ឈ្មោះតាមរយៈការឈ្នះការប្រកួតអន្តរជាតិដូចជា៖ ការប្រកួត K-1 World MAX ឆ្នាំ២០០៤ និង២០០៦។ គួរឱ្យដឹងដែរថា លោក Vinij មានបទពិសោធន៍ច្រើនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាកម្រិតស្ដង់ដារ ដូចជាការប្រកួតរវាងក្រុម Manchester United និង Liverpool ក្នុងទីក្រុងបាងកកកាលពីឆ្នាំមុនជាដើម៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






