ស្រ្តីជប៉ុនម្នាក់ត្រូវចាប់ខ្លួនក្រោយបានតេទៅអាជ្ញាធរចំនួន ២,៧៦១ដង ព្រោះតែគាត់ឯកាខ្លាំងពេក
- BY
- Pheakdey
- July 21, 2023
ជប៉ុន៖ ស្រ្តីជនជាតិជប៉ុនម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោយរូបគាត់បានហៅទូរស័ព្ទទៅកាន់អាជ្ញាធរចំនួន ២,៧៦១ដង ព្រោះតែគាត់ឯកាខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz។ ស្រ្តីដែលត្រូវបានចាប់ខ្លួនចំពោះករណីដ៏កម្រនេះមានឈ្មោះថា Hiroko Hatagami អាយុ ៥១ឆ្នាំ រស់នៅក្នុងទីក្រុង Matsudo អាណាខេត្ត Chiba ភាគខាងលិចនៃប្រទេសជប៉ុន។

ប្រភពខាងលើបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាង Hiroko Hatagami ពុំមានការងារធ្វើឡើយ ខណៈដែលរូបគាត់ត្រូវរស់នៅតែម្នាក់ឯងទៀតផង។ ស្ថានភាពបែបនេះវាបានធ្វើឲ្យរូបគាត់មានអារម្មណ៍ឯកាយ៉ាងខ្លាំង ហើយរាល់ពេលដែលគាត់កើតមានអារម្មណ៍ឯកាឬស្រ្តេសនោះ គាត់តែងហៅទូរស័ទ្ទទៅកាន់អាជ្ញាធរដើម្បីនិយាយរឿងនៅក្នុងចិត្តរបស់គាត់ និងស្វែងរកអ្នកយកចិត្តទុកដាក់ជាមួយគាត់។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ និង ៩ខែចុងក្រោយនេះ អ្នកនាង Hiroko Hatagami បានហៅទូរស័ព្ទមកកាន់អាជ្ញាធរចំនួន ២,៧៦១ដង ហើយវាគឺជាការរំខានយ៉ាងខ្លាំងសម្រាប់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនមែនជាស្ថាប័នដោះស្រាយវិបត្តិផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ហេតុដូចនេះហើយអាជ្ញាធរសម្រេចឃាត់ខ្លួនគាត់ដើម្បីធ្វើការអប់រំនិងអនុវត្តច្បាប់មួយចំនួនចំពោះរូបគាត់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






