អន្តរជាតិ

យ៉ាងហោចណាស់មនុស្សជាង ១០០ នាក់បានបាត់បង់ជីវិត និង ១៨០ នាក់បានរងរបួស នៅប៉ាគីស្ថានដោយសាររដូវខ្យល់មូសុង

BY
autoadmin
July 21, 2023

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថាន (NDMA) បានរាយការណ៍ថា មនុស្សប្រហែល ១០១ នាក់បានស្លាប់ និង ១៨០ នាក់បានរងរបួស នៅក្នុងអំឡុងពេលរដូវខ្យល់មូសុង ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា នៅទូទាំងប្រទេសប៉ាគីស្ថាន។ NDMA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខេត្ត Punjab ភាគខាងកើតរបស់ប្រទេស បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ចំនួន ៥៧នាក់ និងរបួស ១១៨នាក់ ដោយបន្ថែមថា ផ្ទះចំនួន ៥៣ខ្នង ត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារខេត្តនេះ រួមទាំងទីរួមខេត្ត Lahore ផងដែរ។

ភ្លៀងធ្លាក់នៅ Lahore ក្នុងកម្រិតធ្ងន់ធ្ងរជាកំណត់ត្រា បានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងទីក្រុង ជន់លិចតំបន់ជាច្រើន និងរំខានចរាចរណ៍ជាច្រើនម៉ោង។ ទីក្រុង Rawalpindi របស់ខេត្ត Punjab ក៏បានទទួលភ្លៀងធ្លាក់ខ្លាំងរយៈពេលជាង ១២ម៉ោង កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានការកើនឡើងនៃកម្រិតទឹកនៅតាមដងអូរ និងប្រព័ន្ធបង្ហូរទឹកដល់កម្រិតប្រកាសអាសន្ន ហើយអាជ្ញាធរក្រុងក្នុងតំបន់ បានអំពាវនាវឱ្យកងទ័ពជួយដល់ពួកគេ។

មនុស្ស ១២នាក់ បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីជញ្ជាំងនៃស្ពានដែលកំពុងសាងសង់បានបាក់សង្កត់លើកម្មករដែលរស់នៅក្នុងតង់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកនៅក្នុងទីក្រុង។ យោងតាមអ្នកនាំពាក្យរដ្ឋបាលស្រុក ស្ថានីយវាស់ស្ទង់ទឹកភ្លៀងបានកត់ត្រាទឹកភ្លៀងរហូតដល់ ២០០ មីល្លីម៉ែត្រ នៅតំបន់មួយចំនួននៃទីក្រុង ដែលបណ្តាលឱ្យមានការជន់លិចទីក្រុង និងឧបទ្ទវហេតុផ្សេងៗ។ ជាមួយគ្នានេះ មនុស្សសរុបចំនួន ២៥ នាក់បានស្លាប់ និង ៤១ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុដែលទាក់ទងនឹងភ្លៀងដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: