អន្តរជាតិ

TikTok នឹងដាក់ឲ្យប្រើប្រាស់មុខងារ “Text Only” តម្រូវចិត្តអ្នកដែលចូលចិត្តបង្ហោះតែសារខ្លីៗ

BY
Pheakdey
July 25, 2023

ចិន៖ TikTok នឹងដាក់ឲ្យប្រើប្រាស់មុខងារពិសេសៗមួយចំនួនទៀតបន្ថែមពីលើមុខងារបង្ហោះវីដេអូ ដើម្បីប្រកួតប្រជែងជាមួយនិងបណ្តាញសង្គមផ្សេងៗទៀតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មា​ន CNN នៅថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ។ មុខងារថ្មីដែលនឹងមាននៅក្នុងកម្មវិធី TikTok នោះគឺមុខងារ “Text Only” ដែលអនុញ្ញាតឲ្យម្ចាស់គណនី TikTok អាចធ្វើការសរសេរជាសារខ្លីៗសម្រាប់បង្ហោះបានក្នុងករណីដែលពួកគាត់មិនចង់បង្ហោះវីដេអូ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីដាក់បន្ថែមមុខងារ “Text Only” ក្រុមហ៊ុន TikTok ក៏គ្រោងនឹងដាក់ឲ្យប្រើប្រាស់មុខងារ “បង្ហោះរូបភាព” ផងដែរ ពោលគឺលោកអ្នកនឹងមានជម្រើសរហូតដល់ទៅ ៣ ក្នុងការបង្ហោះនៅលើគណនី TikTok ដូចជា បង្ហោះវីដេអូ បង្ហោះសារ ឬបង្ហោះរូបភាពជាដើម ខណៈនាពេលបច្ចុប្បន្ននេះលោកអ្នកអាចបង្ហោះត្រឹមតែវីដេអូបណ្តោះនៅលើបណ្តាញសង្គម TikTok ជាទូទៅនៅជុំវិញពិភពលោក។ យ៉ាងណាក្តី នៅតាមបណ្តាប្រទេសមួយចំនួន TikTok​ ក៏បានដាក់ឲ្យប្រើប្រាស់មុខងារពិសេសៗមួយចំនួនដាច់ដោយឡែកផងដែរ ដូចជានៅក្នុងប្រទេសចិន TikTok​ បានដាក់ឲ្យប្រើប្រាស់មុខងារ Live វីដេអូ ហើយថ្មីៗនេះ TikTok​ បានដាក់ឲ្យប្រើប្រាស់មុខងារ​ TikTok​ Music សម្រាប់នៅក្នុងប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: