ទុរេនមួយផ្លែដែលជាទុរេនដំបូងបំផុតដាំបាននៅក្នុងប្រទេសចិនត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ជាង ៥ម៉ឺនដុល្លារ
- BY
- Pheakdey
- July 31, 2023
ចិន៖ ទុរេនបានក្លាយជាផ្លែឈើដ៏ពិសេសមួយប្រភេទសម្រាប់ពលរដ្ឋចិនអស់រយៈពេលជាច្រើឆ្នាំមកហើយ ខណៈនាពេលកន្លងមកចិនតែងនាំចូលផ្លែឈើប្រភេទនេះពីបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសម៉ាឡេស៊ី វៀតណាម និងថៃជាដើម។ យ៉ាងណាក្តី ក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះចិនបានព្យាយាមដាំទុរេនដោយខ្លួនឯងនៅលើចំការដ៏ធំមួយក្នុងទីក្រុង Sanya ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។

ជាលទ្ធផលកាលពីចុងសប្តាហ៍កន្លងទៅនេះ ចិនអាចទទួលបានផ្លែទុរេនដាំក្នុងស្រុករបស់ខ្លួនជាលើកដំបូងហើយ ខណៈផ្លែទុរេនដំបូងនោះត្រូវបានដាក់លក់ក្នុងតម្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មានទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ទុរេនដំបូងរបស់ប្រទេសចិននោះត្រូវបានគេដាក់លក់ជាលក្ខណៈដេញថ្លៃ ដោយទុរេនមួយផ្លែដែលទម្ងន់ ៦,៩១គីឡូក្រាមត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃចាប់ពី ៨៨៨យន់ (១២៤ដុល្លារ) ឡើងទៅ ហើយចុងក្រោយទុរេនមួយផ្លែនោះបានក្លាយជាកម្មសិទ្ធរបស់បុរសម្នាក់ដែលហានឲ្យថ្លៃរហូតដល់ ៣៨៨,៨៨៨យន់ (៥៤,៤០៩ដុល្លារ) ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






