ចិននឹងអនុវត្តវិធានដ៏តឹងរឹងមួយដើម្បីទប់ស្កាត់ “ជំងឺញៀនទូរស័ព្ទនិងអ៊ីនធឺណិត” ក្នុងចំណោមពលរដ្ឋវ័យក្មេង
- BY
- Pheakdey
- August 3, 2023
ចិន៖ អាជ្ញាធរចិនគ្រោងនឹងអនុវត្តវិធានការដ៏តឹងរឹងមួយក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវ័យនិងអ៊ីនធឺណិតនៅក្នុងចំណោមពលរដ្ឋជាកុមារនិងមនុស្សវ័យជំទង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃទី២ ខែសីហានេះ។ វិធានការដ៏តឹងរឹងនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ “ជំងឺញៀនទូរស័ព្ទនិងអ៊ីនធឺណិត” នៅក្នុងចំណោមពលរដ្ឋវ័យក្មេង ខណៈតាមគម្រោងគឺវិធានការនេះនឹងត្រូវផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ២ កញ្ញាខាងមុខនេះ។

ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងវិធានការរបស់អាជ្ញាធរចិនខាងលើនេះនឹងមានការបែងចែកជាចំណុចតូចៗមួយចំនួនដូចជា បិទការប្រើប្រាស់ទូរស័ព្ទជាមួយអ៊ីនធឺណិតចំពោះពលរដ្ឋមានអាយុក្រោយ ១៨ឆ្នាំទាំងអស់នៅចន្លោះពីម៉ោង ១០យប់ រហូតដល់ម៉ោង ៦ព្រឹក។ កុមារដែលមានអាយុក្រោម ៨ឆ្នាំគឺអាចប្រើប្រាស់ទូរស័ព្ទដោយភ្ជាប់ជាមួយនិងអ៊ីនធឺណិតត្រឹមតែ ៤០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈពលរដ្ឋដែលមានអាយុចន្លោះពី ១៦ទៅ១៧ឆ្នាំគឺអាចប្រើប្រាស់ទូរស័ព្ទដោយភ្ជាប់ជាមួយនិងអ៊ីនធឺណិតបានចំនួន ២ម៉ោងក្នុងមួយថ្ងៃ។ សូមបញ្ជាក់ជូនថា ក្នុងការអនុវត្តវិធានការនេះគឺអាជ្ញាធរចិននឹងតម្រូវឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ត្រូវចុះឈ្មោះរបស់ពួកគេដោយមានបញ្ជាក់ពីអាយុពិតប្រាកដ ហើយអាជ្ញាធរចិននឹងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមួយដើម្បីតាមដានគ្រប់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






