សាកលវិទ្យាល័យដ៏ធំមួយនៅអាមេរិកសម្រេចផ្តល់ប្រាក់សំណងដល់សាស្រ្តាចារ្យជនជាតិស្បែកខ្មៅម្នាក់ចំនួន ១លានដុល្លារ ក្រោយបង្កើតកំហុសមួយដែលជម្រុញឲ្យសាស្ត្រាចារ្យរូបនេះត្រូវលាឈប់ពីការងារ
- BY
- Pheakdey
- August 4, 2023
អាមេរិក៖ សាកលវិទ្យាល័យ Texas A&M ដែលជាសាកលវិទ្យាល័យដ៏ធំមួយនៅអាមេរិកយល់ព្រមផ្តល់ប្រាក់សំណងចំនួន ១លានដុល្លារទៅកាន់សាស្រ្តាចារ្យជនជាតិស្បែកខ្មៅម្នាក់ ក្រោយសាកលវិទ្យាល័យបានបង្កើតកំហុសមួយដែលនាំសាស្រ្តាចារ្យរូបនោះត្រូវលារឈប់ពីការងារ។ ដើមហេតុដែលបង្កឲ្យមានរឿងរ៉ាវចម្រូងចម្រាសនេះគឺដំបូងឡើយខាងសាកលវិទ្យាល័យត្រូវការសាស្រ្តាចារ្យដ៏មានសក្តានុពលម្នាក់មកជួយពង្រឹងលើកម្មវិធីសារព័ត៌មានរបស់ខ្លួន ហើយខាងសាកលវិទ្យាល័យក៏បានសម្រេចជ្រើសរើសយកសាស្រ្តាចារ្យ Kathleen McElroy ដែលជាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ឲ្យមកកាន់កម្មវិធីនេះ។
បន្ទាប់ពីបានសម្រេចជ្រើសរើសលោកស្រី Kathleen McElroy ហើយ ខាងសាកលវិទ្យាល័យស្រាប់តែកើតមានក្តីព្រួយបារម្ភថា សាស្រ្តាចារ្យរូបនេះគឺជាអ្នកគាំទ្រនៃភាពចម្រុះ សមធម៌ ការដាក់បញ្ចូល និងនិន្នាការផ្ទាល់ខ្លួនមួយចំនួនទៀត ដែលអាចជះឥទ្ធិពលដល់កម្មវិធីសិក្សាទាំងមូល។ នៅចំពោះមុខការព្រួយបារម្ភនេះ ខាងសាកលវិទ្យាល័យបានសម្រេចលុបចោលកម្មវិធីសិក្សានេះចោលតែម្តង និងបានស្នើសុំឲ្យលោកស្រី Kathleen McElroy ទៅកាន់កិច្ចការផ្សេងវិញ តែរូបគាត់មិនព្រមនោះឡើយ ដ្បិតវាខុសទៅនឹងកិច្ចសន្យាការងារ ដែលរូបគាត់និងខាងសាកលវិទ្យាល័យបានព្រមព្រៀងគ្នារួចទៅហើយ។ រឿងរ៉ាវចម្រូងចម្រាសនេះបានជម្រុញឲ្យលោកស្រី Kathleen McElroy ត្រូវបង្ខំចិត្តលាឈប់ពីការងារស្របពេលដែលបញ្ហានៃការរើសអើងដូចគ្នានេះកំពុងកើតមានយ៉ាងផុសផុលនៅក្នុងសង្គមអាមេរិក។ ជាការឆ្លើយតបទៅនឹងកំហុសរបស់ខ្លួន ខាងសាកលវិទ្យាល័យ បានចេញសេចក្តីថ្លែងមួយធ្វើការសុំទោសសាស្ត្រាចារ្យរូបនេះជាសាធារណៈ និងផ្តល់ប្រាក់សំណងជូនគាត់ចំនួន ១លានដុល្លារផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Strait Time
- Share This Post:






