អន្តរជាតិ

ចិនដាក់ពង្រាយកងកម្លាំងជាង ៧ពាន់នាក់សម្រាប់ជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់ ខណៈគ្រោះធម្មជាតិនេះបានបណ្តាលឲ្យពលរដ្ឋជាង ៣០នាក់បាត់បង់ជីវិត

BY
Pheakdey
August 7, 2023

ចិន៖ អាជ្ញាធរចិនបានដាក់ពង្រាយកងកម្លាំងជាង ៧ពាន់នាក់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដែលបានជន់លិចយ៉ាងឆាប់រហ័សនៅតំបន់ភាគខាងជើងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន South China Morning Post កាលពីថ្ងៃអាទិត្យ ទី៦​ ខែសីហានេះ។ នៅក្នុងចំណោមកងកម្លាំងទាំងជាង ៧ពាន់នាក់នោះគឺមានក្រុមយោធារបស់កងទ័ពរំដោះប្រជាជនចិនចំនួន ២,០៥០នាក់ និងកម្លាំងចំនួន ៥,០០០នាក់ទៀតផ្សេងគឺក្រុមប៉ូលិសរបស់ស្ថាប័នប៉ូលិសជាតិចិន។

ប្រភពខាងលើបានបន្តថា នៅចំពោះស្ថានភាពបន្ទាន់នេះរដ្ឋាភិបាលចិនបានអនុម័តកញ្ចប់ទឹកប្រាក់ជំនួយចំនួន ៣៥០លានយន់ (៤៩លានដុល្លារអាមេរិក) សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការជួយសង្គ្រោះបន្ទាន់ផ្សេងៗតាមស្ថានភាពជាក់ស្តែង។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋចិនជាង​ ៣០នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះធម្មជាតិខាងលើ ខណៈបញ្ហាទឹកជំនន់កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋចិនជាង​ ២,២លាននាក់។ សូមបញ្ជាក់ជូនថា ទឹកជំនន់ខាងលើនេះបានបង្កឡើយដោយសារតែព្យុះទីហ្វុង Doksuri ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រលាយបាត់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖  South China Morning Post

 

Share This Post: