អន្តរជាតិ

​​អាជ្ញាធរន័រវេសនឹងផ្តើមធ្វើការពិន័យក្រុមហ៊ុន Meta ជាប្រាក់ជិត ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ១៤ ខែសីហានេះ

BY
Pheakdey
August 8, 2023

ន័រវេស៖ អាជ្ញាធរនៃប្រទេសន័រវេសនឹងធ្វើការពិន័យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម Facebook និង Instagram ជាប្រាក់ចំនួន ១លានក្រូនន័រវេស (៩៨,១០២ដុល្លារអាមេរិក) ក្នុងមួយថ្ងៃចាប់ពីថ្ងៃទី១៤ ខែសីហានេះហើយ​ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហា។ តាមគម្រោងគឺការផាកពិន័យនេះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ខណៈនីតិវិធីនៃការផាកពិន័យក៏អាចមានការកែសម្រួលផងដែរ ប្រសិនបើមានការយល់ព្រមព្រៀងគ្នាណាមួយរវាងក្រុមហ៊ុន Meta ជាមួយនិងអាជ្ញាធរន័រវេស។គួររម្លឹកជូនថា រឿងរ៉ាវចម្រូលចម្រាសខាងលើនេះបានកើតមានជាច្រើនខែមកហើយ ដោយអាជ្ញាធរន័រវេសបានចោទប្រកាន់ថា ក្រុមហ៊ុន Meta បានលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់ Facebook និង Instagram​ នៅក្នុងប្រទេសខ្លួនដោយគ្មានការអនុញ្ញាត។ បើតាមនិយតករន័រវេសបានបញ្ជាក់ថា ទិន្នន័យដែលក្រុមហ៊ុន Meta បានប្រមូលយកពីក្រុមអ្នកប្រើប្រាស់នោះមានដូចជាទីតាំងរបស់អ្នកប្រើប្រាស់ ខ្លឹមសារដែលអ្នកប្រើប្រាស់បានបង្ហោះ និងចែករំលែក ព័័ត៌មានផ្សេងៗទាក់ទងនឹងចំណូលចិត្តរបស់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនបានប្រើប្រាស់ព័ត៌មានទាំងនោះសម្រាប់រកប្រាក់ចំណូលតាមរយៈធ្វើការផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មណាមួយៗឲ្យត្រូវនឹងចំណូលចិត្តរបស់អ្នកប្រើប្រាស់ម្នាក់ៗ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ឃើញក្រុមហ៊ុន Meta ធ្វើការឆ្លើយតបយ៉ាងណានៅឡើយទេជុំវិញវិធានការរបស់អាជ្ញាធរន័រវេសខាងលើនេះ៕ អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: