ទីក្រុងប៉េកាំងបានប្រឈមនឹងភ្លៀងធ្លាក់ក្នុងកម្រិតដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបានបណ្តាលឲ្យពលរដ្ឋ ៣៣នាក់បាត់បង់ជីវិត និង ១៨នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- August 9, 2023
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៣នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់មួយមេធំនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា ភ្លៀងដែលកំពុងតែបន្តធ្លាក់នៅក្នុងទីក្រុងប៉េកាំងនៅពេលនេះគឺជាបរិមាណទឹកភ្លៀងដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់ទីក្រុងដ៏ធំរបស់ចិនមួយនេះ។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយគឺនៅមានពលរដ្ឋចំនួន ១៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈឥទ្ធិពលរបស់ភ្លៀងក៏បានធ្វើឲ្យអគារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងមួយចំនួនត្រូវបានបំផ្លាញផងដែរ។ គួរកត់សម្គាល់ថា ជាច្រើនសប្តាហ៍ចុងក្រោយនេះប្រទេសចិនហាក់បានប្រឈមជាមួយនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរជាបន្តបន្ទាប់ ហើយបើគិតត្រឹមរយៈពេល ១ខែចុងក្រោយនេះមានពលរដ្ឋចិនដែលរស់នៅក្នុងតំបន់ផ្សេងៗគ្នាសរុបចំនួន ១៤៧នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតព្រោះតែគ្រោះធម្មជាតិដូចជា ទឹកជំនន់ ព្យុះ និងការកើនឡើងកម្តៅខ្លាំងជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






