រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដាក់ចេញគោលនយោបាយថ្មីមួយដើម្បីលើកកម្ពស់ “សេវាថែទាំវេជ្ជសាស្រ្តចំពោះសត្វចិញ្ចឹម”
- BY
- Pheakdey
- August 11, 2023
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្កើតគោលនយោបាយថ្មីដើម្បីលើកកម្ពស់លើវិស័យ “ប្រព័ន្ធថែទាំវេជ្ជសាស្រ្តចំពោះសត្វចិញ្ចឹម” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១០ ខែសីហានេះ។ ការសម្រេចដាក់ចេញនូវគោលនយោបាយពិសេសនេះត្រូវបានធ្វើឡើងក្នុងគោលបំណងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋជាម្ចាស់សត្វចិញ្ចឹម ដែលជាមធ្យមពួកគាត់បានចំណាយប្រាក់ ៦០,០០០វ៉ុន (៤៥,៥ ដុល្លារអាមេរិក) ក្នុងមួយខែទៅលើសេវាថែទាំសុខភាពសត្វចិញ្ចឹមរបស់ពួកគាត់ជាមួយគ្លីនិកឯកជន។
ប្រភពខាងលើបានបន្តថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋកូរ៉េខាងត្បូងចំនួន ៦,០២លាននាក់ ដែលមានសត្វចិញ្ចឹមដូចជាសត្វឆ្កែ និងសត្វឆ្មា ខណៈតួលេខនេះមានការកើនឡើងចំនួន ៦៥,៤% បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំ ២០១២ ដែលមានពលរដ្ឋកូរ៉េខាងត្បូងត្រឹម ៣,៦៤លាននាក់ប៉ុណ្ណោះមានសត្វចិញ្ចឹមផ្ទាល់ខ្លួននៅតាមផ្ទះរបស់ពួកគេ។ គួរបញ្ជាក់ជូនថា តាមគម្រោងគឺរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តើមអនុវត្តគោលនយោបាយខាងលើនេះចាប់ពីថ្ងៃទី ១ ខែតុលាខាងមុខនេះហើយ ខណៈគម្រោងផ្តល់សេវាកម្មថែទាំវេជ្ជសាស្រ្តចំពោះសត្វចិញ្ចឹមពីសំណាក់រដ្ឋាភិបាននេះក៏មានការលើកលែងចំពោះសេវាមិនសូវមានភាពចាំបាច់មួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






