អន្តរជាតិ

លោក Mark Zuckerberg៖ ម្ចាស់បណ្ដាញ X មិនបានច្បាស់លាស់នឹងការប្រកួតដាក់ទ្រុងអ្វីទេ យើងគួរតែឈប់គិតពីវាទៀតទៅ

BY
autoadmin
August 14, 2023

លោក Mark Zuckerberg និងលោក Elon Musk បានឆ្លើយតបឌឺដងគ្នានៅលើបណ្តាញអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយស្ថាបនិកក្រុមហ៊ុន Meta បានលើកឡើងថា ម្ចាស់បណ្ដាញសង្គម X (ពីមុន Twitter) មិនមានភាពប្រាកដ​ប្រជាចំពោះគម្រោងនៃការប្រកួតដាក់ក្នុងទ្រុង ដើម្បីស្វែងរកជំនួយសប្បុរសធម៌នោះទេ។ លោក Zuckerberg បានសរសេរនៅលើវេទិកា Threads របស់គាត់ថា៖«ខ្ញុំគិតថាយើងទាំងអស់គ្នាអាចដឹងហើយថា លោក Elon Musk មិនបានច្បាស់លាស់នឹងអ្វីដែលគាត់និយាយទេ វាល្មមដល់ពេលដែលយើងត្រូវកាត់ចិត្តបានហើយ»។

លោក Zuckerberg បានបន្ថែមថា៖«ខ្ញុំបានស្នើកាលបរិច្ឆេទពិតប្រាកដមួយ … ប៉ុន្តែលោក Elon នឹងមិនបញ្ជាក់កាលបរិច្ឆេទទេ បន្ទាប់មកនិយាយថាគាត់ត្រូវការការវះកាត់ ហើយឥឡូវនេះសុំឱ្យមានការសាកល្បងគ្នានៅទីធ្លាខាងក្រោយរបស់ខ្ញុំជំនួសវិញ»។ ក្រោយមកលោក Musk ក៏បានឆ្លើយតបភ្លាមៗនៅលើបណ្ដាញ X ដែលជាវេទិកាដែលគាត់បានទិញកាលពីឆ្នាំមុន ដោយបានបង្ហោះថា៖«Zuck គឺជាមនុស្សកំសាក​ញី»។ ថៅកែក្រុមហ៊ុន Tesla រូបនេះបាននិយាយថា គាត់នឹងធ្វើដំណើរទៅកាន់ Silicon Valley នៅថ្ងៃច័ន្ទ ព្រោះគាត់មិនអាចរង់ចាំបានទេ គាត់ចង់ទៅគោះទ្វារការិយាល័យរបស់លោក Zuckerberg៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: