តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះនៅលើកោះ Hawaii សហរដ្ឋអាមេរិកបានកើនឡើងដល់ ៩៣នាក់ និងជាច្រើននាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- August 14, 2023
អាមេរិក៖ គិតត្រឹមពេលនេះគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយតែបញ្ហាភ្លើងឆេះព្រៃនៅតំបន់ Maui នៃកោះ Hawaii របស់សហរដ្ឋអាមេរិកនៅមិនទាន់រសាត់បាត់អស់ទាំងស្រុងនៅឡើយទេ បើទោះជាហេតុការណ៍អកុសលនេះបានកើតឡើងជាច្រើនថ្ងៃមកហើយ។ របាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហានេះបានបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការភ្លើងឆេះព្រៃនិងបន្តឆេះរាលដល់ក្រុងដែលមានមនុស្សជាច្រើនកំពុងរស់នៅនេះបានកើនឡើងរហូតដល់ ៩៣នាក់ហើយ។

ទន្ទឹមនឹងបានរកឃើញចំនួនអ្នកស្លាប់មានការកើនឡើង អាជ្ញាធរអាមេរិកក៏នៅបន្តបេសកកម្មស្វែងរកអ្នកកំពុងបាត់ខ្លួនផងដែរ ដ្បិតពលរដ្ឋមួយចំនួននៅតែរាយការណ៍ថាបានបាត់សមាជិកក្នុងគ្រួសារ ហើយពួកគេជឿជាក់ថាអ្នកដែលកំំពុងបាត់ខ្លួនទាំងនោះគឺមានជីវិតនៅឡើយ។ គួររម្លឹកជូនថា ក្នុងពេលមានភ្លើងឆេះនោះមានពលរដ្ឋប្រហែល ១០០នាក់បានសម្រេចលោតចូលទឹកសមុទ្រដើម្បីគេចឲ្យផុតពីអគ្គីភ័យដ៏ឆាប់រហ័ស ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចស្រង់មនុស្សចេញពីសមុទ្រមកវិញឲ្យគ្រប់ចំនួននៅឡើយទេ។ សូមបញ្ជាក់ជូនផងដែរថា ហេតុការណ៍ភ្លើងឆេះខាងលើនេះបានបណ្តាលឲ្យអគារជាង ១,៧០០កន្លែងត្រូវបានបំផ្លាញទាំងស្រុង ខណៈពលលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






