តុលាការអាមេរិកសម្រេចឲ្យស្រ្តីម្នាក់ត្រូវទទួលប្រាក់សំណង ១,២ពាន់លានដុល្លារក្នុងសំណុំរឿងអតីតមិត្តប្រុសចែកចាយរូបភាពនិងវីដេអូអាក្រាតកាយរបស់គាត់
- BY
- Pheakdey
- August 16, 2023
អាមេរិក៖ ស្រ្តីអាមេរិកម្នាក់ត្រូវទទួលបានប្រាក់សំណងរហូតដល់ ១,២ពាន់លានដុល្លារក្នុងសំណុំរឿងចែកចាយរូបភាពនិងវីដេអូអាសអាភាសមួយ ដែលត្រូវបានធ្វើឡើងដោយអតីតមិត្តប្រុសរបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៦ ខែសីហានេះ។ រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយស្រ្តីជាជនរងគ្រោះត្រូវបានគេបង្ហាញឈ្មោះត្រឹមថា D.L. និងបុរសជាជនបង្កហេតុមានឈ្មោះថា Marques Jamal Jackson។

ប្រភពខាងលើបានបន្តថា អ្នកនាង D.L. និងលោក Marques Jamal Jackson បានស្គាល់គ្នានៅក្នុងឆ្នាំ ២០១៦ ហើយផ្តើមរស់នៅជាមួយគ្នាក្នុងឆ្នាំ ២០២០ និងបានសម្រេចចែកផ្លូវគ្នាវិញនៅចុងឆ្នាំ ២០២១។ ការសម្រេចចែកផ្លូវគ្នាវិញនេះគឺជាបំណងរបស់អ្នកនាង D.L. ខណៈលោក Marques Jamal Jackson មិនសប្បាយចិត្តក្នុងការដើរមកទល់ទីបញ្ចប់នៃទំនាក់ទំនងស្នេហាឡើយ។ ជាការសងសឹងទៅនឹងអ្នកនាង D.L. លោក Marques Jamal Jackson បានបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយនិងគេហទំព័រមួយ ដើម្បីជាមធ្យោបាយបង្ហោះរូបភាពនិងវីដេអូនៃភាពស្និតស្នាលរវាងគាត់និងអ្នកនាង D.L. ក៏ដូចជារូបភាព និងវីដេអូអាក្រាតរបស់អ្នកនាង D.L. មួយចំនួនទៅកាន់ក្រុមគ្រួសារ មិត្តរួមការងារ និងមិត្តភក្តិរបស់អ្នកនាង D.L.។
ក្រោយកើតមានរឿងរ៉ាវចម្រូងចម្រាសនេះ អ្នកនាង D.L. បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការរដ្ឋតិចសាស់ដោយប្តឹងពីបទមួយចំនួនដូចជា ករណីរំលោភបំពានផ្លូវភេទ ការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងការធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តក្នុងរយៈពេលវែងផងដែរ។ ចំពោះករណីនេះតុលាការអាមេរិកបានសម្រេចបង្គាប់ឲ្យលោក Marques Jamal Jackson ត្រូវផ្តល់ប្រាក់សំណងទៅកាន់ស្រ្តីជនរងគ្រោះចំនួន ២០០លានដុល្លារសម្រាប់ការធ្វើឲ្យគាត់ឈឺចាប់ផ្លូវចិត្ត និងប្រាក់ចំនួន ១ពាន់លានដុល្លារសម្រាប់សកម្មភាពរំលោភបំពានផ្សេងៗដែលមានទាំងផ្លូវកាយនិងផ្លូវភេទផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






