អន្តរជាតិ

គ្រូបង្រៀននៅអាមេរិកម្នាក់ត្រូវបញ្ឈប់ពីការងារ ក្រោយយកសៀវភៅមួយក្បាលនេះទៅអានឲ្យក្មេងៗស្តាប់នៅក្នុងថ្នាក់រៀន

BY
Pheakdey
August 19, 2023

អាមេរិក៖ គ្រូបង្រៀនជនជាតិអាមេរិកត្រូវបានបញ្ឈប់ពីការងារភ្លាមៗក្រោយរូបគាត់បានយកសៀវភៅមួយក្បាល ដែលមានខ្លឹមសារនិយាយអំពីបញ្ហាយេនឌ័រយ៉ាងស៊ីជម្រៅទៅអានឲ្យកូនសិស្សតូចៗស្តាប់នៅក្នុងថ្នាក់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហានេះ។ គ្រូបង្រៀនរូបនេះមានឈ្មោះថា Rinderle ភេទស្រី​ អាយុ ៣៣ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី ៥ នៃសាលាបឋមសិក្សា Due West Elementary School ស្ថិតនៅក្នុងទីក្រុង Marietta រដ្ឋ Georgia សហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា សៀវភៅដែលអ្នកគ្រូ Rinderle បានយកទៅអានឲ្យកូនសិស្សស្តាប់នៅក្នុងថ្នាក់នោះគឺ សៀវភៅ “My Shadow Is Purple” (ស្រមោលរបស់ខ្ញុំគឺពណ៌ស្វាយ) ដែលមានខ្លឹមសារបំផុសគំនិតឲ្យអ្នកអានត្រូវរស់ជាខ្លួនឯង ធ្វើអ្វីតាមក្តីស្រមៃរបស់ខ្លួនឯង ជ្រើសរើសពណ៌ជីវិតដាច់ដោយឡែកមួយសម្រាប់ខ្លួនឯង ដោយមិនចាំបាច់ខ្វល់អំពីបញ្ហាយេនឌ័រនៅក្នុងសង្គម និងស្រមោលរបស់ឪពុក​ម្តាយឡើយ។ បើតាមគណៈគ្រប់គ្រងសាលាបានបញ្ជាក់ថា តាមការពិតសៀវភៅខាងលើនេះមិនមែនជាសៀវភៅមិនល្អនោះទេ តែបញ្ហានៅត្រង់ថាទស្សនៈនៅក្នុងសៀវភៅគឺមិនល្អសម្រាប់ក្មេងៗនោះទេ ដ្បិតវាអាចបំផុតគំនិតឲ្យក្មេងៗដែលមិនទាន់មានមូលដ្ឋានក្នុងគិតយកទៅប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានបាន៕អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: