អាមេរិកគ្រោងជំរុញឲ្យពលរដ្ឋខ្លួនទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមមួយដូសទៀត ក្រោយករណីឆ្លងថ្មីមានការកើតឡើងខ្ពស់
- BY
- Pheakdey
- August 21, 2023
អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្រោងនឹងធ្វើការជម្រុញឲ្យពលរដ្ឋអាមេរិកទាំងអស់ទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដូសជម្រុញបន្ថែមចំនួន ១ដូសទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងជម្រុញឲ្យពលរដ្ឋគ្រប់រូបមកទទួលយកវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀតនេះគឺត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋមេរិកហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ក្រៅតែពីបានកត់សម្គាល់អំពីការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីហើយ ក្រុមអ្នកជំនាញក៏បានរកឃើញថា មេរោគនៃកូវីដ-១៩បានបន្តបំប្លែងខ្លួនទៅជាមេរោគថ្មីមួយចំនួនបន្ថែមទៀតផងដែរ ហើយក្នុងនោះមេរោគបំប្លែងខ្លួនថ្មីដែលគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតគឺមេរោគបំប្លែងខ្លួនប្រភេទ XBB.1.5។ សូមបញ្ជាក់ថា បើទោះជំងឺកូវីដ-១៩ លែងជាជំងឺបង្កការគំរាមគំហែងពិភពលោកខ្លាំងដូចមុនក៏ដោយ តែជំងឺនេះនៅតែបន្តចម្លងទៅកាន់មនុស្សជាច្រើននៅជុំវិញពិភពលោក ខណៈភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះគឺបានកើតមានអាការៈកម្រិតស្រាលបំផុត ពោលគឺដូចការកើតជំងឺផ្តាសាយធម្មតាអីចឹងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






