អន្តរជាតិ

ភ្លៀងធ្លាក់មួយមេធំបានបណ្តាលឲ្យពលរដ្ឋឈីលី ២នាក់បាត់បង់ជីវិត​ ខណៈជាច្រើនម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
August 22, 2023

ឈីលី៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ២នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់មួយមេធំនៅក្នុងប្រទេសឈីលី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះបានបញ្ជាក់ថា តំបន់ដែលកំពុងតែរងការគំរាមគំហែងខ្លាំងពីទឹកភ្លៀងគឺតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេស ខណៈឥទ្ធិពលរបស់ភ្លៀងបានបង្កឲ្យមានទឹកជំនន់យ៉ាងឆាប់រហ័សមួយ។ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គ្រោះធម្មជាតិមួយនេះបានបង្កផលប៉ះពាល់ដល់ពលរដ្ឋឈីលីជាច្រើននាក់ផ្សេងទៀតផងដែរដូចជា ពលរដ្ឋជិត ៣៤,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ពលរដ្ឋ ២៦,០០០នាក់កំពុងរស់នៅដោយពុំអាចទទួលបានសេវាសាធារណៈផ្សេង ខណៈពលរដ្ឋចំនួន ៣៨,០០០នាក់ពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះលោកប្រធានាធិបតី Gabriel Boric បានសម្រេចប្រកាសដាក់ប្រទេសកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: