អន្តរជាតិ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅកាន់មន្ទីរពេទ្យជាបន្ទាន់ក្រោយមានបញ្ហាសុខភាព

BY
Pheakdey
August 23, 2023

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់នៅក្នុងយប់ដំបូង ដែលរូបលោកត្រូវជាប់ឃុំនៅក្នុងពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហានេះ។ ការសម្រេចបញ្ជូនអតីតនាយករដ្ឋថៃវ័យ ៧៤ឆ្នាំរូបនេះទៅកាន់មន្ទីរពេទ្យ ត្រូវបានធ្វើឡើងក្រោយរូបលោកកើតមានបញ្ហាបេះដូង និងបញ្ហាឡើងសម្ពាធឈាម។

គួររម្លឹកជូនថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា បានវិលត្រលប់ទៅកាន់ប្រទេសថៃវិញនៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ក្រោយរូបលោកបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។ ក្រោយពេលទៅដល់ប្រទេសថៃភ្លាម លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា ត្រូវបានតុលាការថៃសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៨ឆ្នាំ ហើយរូបលោកត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួននៅក្នុងថ្ងៃដដែលនោះតែម្តង ខណៈនៅម៉ោង ២យប់ឆ្លងចូលថ្ងៃពុធនេះ រូបលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវិញព្រោះបញ្ហាសុខភាព។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា អាជ្ញាធរថៃ នឹងបន្តចាត់វិធានការយ៉ាងដូចម្តេចបន្ថែមទៀតចំពោះរូបគាត់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: