បុរសម្នាក់ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីជាង ២០ឆ្នាំមុន ត្រូវបានគេរកឃើញកប់ជាប់ក្នុងផ្ទាំងទឹកកកនៅតំបន់ភ្នំក្នុងប្រទេសអូទ្រីស
- BY
- Pheakdey
- August 24, 2023
អូទ្រីស៖ សាកសពបុរសម្នាក់ដែលបានបាត់ខ្លួននៅតំបន់ភ្នំ Alps ក្នុងប្រទេសអូទ្រីសកាលពីជាង ២០ឆ្នាំមុនត្រូវបានគេរកឃើញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០០១ កន្លងទៅពិភពលោកបានកត់ត្រានូវរឿងរ៉ាវដ៏អាថ៌កំបាំងមួយគឺ មានបុរសជនជាតិអូទ្រីសអាយុ ៣៧ឆ្នាំបានបាត់ខ្លួននៅក្នុងអំឡុងពេលធ្វើដើរកំសាន្តនៅលើតំបន់ភ្នំទឹកកក Alps ហើយបើទោះជាក្រុមអ្នកជំនាញបានព្យាយាមស្វែងរករូបគាត់យ៉ាងណាក្តីក៏គេនៅតែមិនអាចរកឃើញសូម្បីតែតម្រុយនៃការបាត់ខ្លួនរបស់គាត់។
ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ១៨ ខែសីហានេះ មានមគ្គុទ្ទេសក៍ភ្នំម្នាក់បានប្រទះឃើញសាកសពមនុស្សម្នាក់ដែលបានកប់ជាប់នៅក្នុងផ្ទាំងទឹកកក និងបានរកឃើញកាតាបមួយនៅក្បែរសាកសពនោះផងដែរ។ នៅក្នុងកាតាបស្ពាយនោះមានផ្ទុកនូវ កាតធនាគា ប័ណ្ណបើកបរ និងក្រដាសប្រាក់មួយចំនួន ប៉ុន្តែភ្លាមៗនោះគេមិនអាចកំណត់អត្តសញ្ញាណពិតប្រាកដរបស់សាកសពបាននោះទេ។ ក្រោយមកអាជ្ញាធរអូទ្រីសបានបញ្ជូនសាកសពនោះទៅពិនិត្យ DNA ហើយ ២សប្តាហ៍ក្រោយមកលទ្ធផលបានបង្ហាញថា សាកសពនោះគឺជាសាកសពរបស់បុរសអ្នកធ្វើដំណើរកំសាន្តនៅលើភ្នំ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីជាង ២០ឆ្នាំមុននោះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






