ក្រុមហ៊ុនចិនចេញមកបញ្ជាក់ពីសមត្ថភាពផ្គត់ផ្គង់អំបិលក្នុងទីផ្សារ ក្រោយពលរដ្ឋចិនផ្អើលទៅទិញអំបិលមកស្តុកទុកព្រោះបារម្ភពីគ្រោះថ្នាក់នៃទឹកវិទ្យុសកម្មដែលជប៉ុនបង្ហូរចូលទៅក្នុងសមុទ្រ
- BY
- Pheakdey
- August 25, 2023
ចិន៖ ក្រុមហ៊ុនផលិតអំបិលនៅក្នុងប្រទេសចិនបានចេញមកបញ្ជាក់ប្រាប់ពលរដ្ឋចិនកុំឲ្យមានការជ្រួលច្របល់ទៅទិញអំបិលយកមកស្តុកទុក បើទោះជាអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៥ ខែសីហាម្សិលមិញនេះបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះមានឈ្មោះថា National Salt Industry Group ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន និងជាក្រុមហ៊ុនផ្គត់ផ្គង់អំបិលធំបំផុតនៅក្នុងប្រទេសចិនផងដែរ។

ប្រភពខាងលើបានបន្តថា ការចេញមកបញ្ជាក់ពីសំណាក់ក្រុមហ៊ុនខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋចិនជាច្រើនបានសម្រុកទៅទិញអំបិលយកស្តុកទុកនៅក្នុងផ្ទះរហូតធ្វើឲ្យផ្សារឬហាងមួយចំនួនត្រូវអស់អំបិលលក់តែម្តង ដ្បិតពលរដ្ឋចិនបារម្ភថា ទឹកវិទ្យុសកម្មដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិចនោះអាចធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៃការផលិតអំបិលនៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ក្រុមហ៊ុន National Salt Industry Group បានអះអាងថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តចែកចាយអំបិលទៅកាន់ទីផ្សារទូទាំងប្រទេសចិនដូចធម្មតា ហើយក្រុមហ៊ុនក៏នៅតែបន្តរក្សាគុណភាពអំបិលឲ្យមានសុវត្ថិភាព ១០០%សម្រាប់ការទទួលទានផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






