អន្តរជាតិ

Heineken បានចាកចេញពីប្រទេសរុស្ស៊ីទាំងស្រុង ហើយលក់រោងចក្រផលិតទាំងអស់របស់ខ្លួននៅរុស្ស៊ីត្រឹមតែ ១អឺរ៉ូ

BY
autoadmin
August 25, 2023

ក្រុមហ៊ុនស្រាបៀរហូឡង់ Heineken បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានលក់ប្រតិបត្តិការផលិតទាំងអស់នៅប្រទេសរុស្ស៊ី ទៅឱ្យក្រុមហ៊ុន Arnest Group ក្នុងតម្លៃ ១អឺរ៉ូ ហើយឥឡូវនេះ ក្រុមហ៊ុនបានចាកចេញពីទឹកដីរុស្ស៊ីទាំងស្រុងហើយ។ ក្រុមហ៊ុនធ្លាប់បានប្រកាសនូវចេតនាបិទរោងចក្រផលិតនៅរុស្ស៊ីជាយូរមកហើយ ពោលគឺតាំងពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទីក្រុងម៉ូស្គូបានឈ្លានពានអ៊ុយក្រែន។ ក្រុមហ៊ុនបាននិយាយថា ការចាកចេញនេះទំនងជានឹងធ្វើឱ្យមានការខាតបង់ចំនួន ៣០០ លានអឺរ៉ូ (ជិត ៣២៥ លានដុល្លារ)។

គួរឱ្យដឹងដែរថា Heineken គឺជា​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​ធំ​ទី​២ ​របស់​ពិភពលោក​ ហើយមានរោងចក្រផលិតចំនួន ៧ នៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបុគ្គលិកចំនួន ១,៨០០ នាក់។ នៅក្រោមកិច្ចព្រមព្រៀងនេះ ម្ចាស់ក្រោយនឹងធានាការងារសម្រាប់បុគ្គលិករយៈពេល ៣ ឆ្នាំខាងមុខ។ Heineken បានឈប់លក់នៅក្នុងប្រទេសរុស្ស៊ីតាំងពីឆ្នាំមុន ហើយការផលិតស្រាបៀរនេះនឹងត្រូវបញ្ឈប់ក្នុងរយៈពេល ៦ខែ។ ចំណែក Arnest Group គឺជាក្រុមហ៊ុនផលិតគ្រឿងសម្អាង ទំនិញប្រើប្រាស់ក្នុងផ្ទះ និងវេចខ្ចប់ដែកដ៏ធំបំផុតរបស់រុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: