រូបថតលោក ដូណាល់ ត្រាំ ក្នុងនាមជាជនជាប់ចោទត្រូវបានគេយកទៅបង្កើតជាម៉ាកយីហោសម្រាប់លក់ផលិតផលជាច្រើន ខណៈអាវយឺតមួយមានតម្លៃជិត ៥០ដុល្លារ
- BY
- Pheakdey
- August 26, 2023
អាមេរិក៖ ការទទួលរងនូវការចោទប្រកាន់ពីសំណាក់តុលាការ ឬការក្លាយខ្លួនជាជនជាប់ចោទអាចជារឿងអវិជ្ជមានមួយសម្រាប់មនុស្សភាគច្រើននៅលើពិភពលោក តែសម្រាប់លោក ដូណាល់ ត្រាំ វិញ បានប្រែក្លាយស្ថានភាពអាក្រក់នេះឲ្យក្លាយជារឿងដែលមានប្រយោជន៍ទាំងក្នុងវិស័យនយោបាយនិងការវិនិយោគ ក្រោយរូបថតមួយសន្លឹករបស់គាត់ក្នុងនាមជាជនជាប់ចោទត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតនៅតាមបណ្តាញសារព័ត៌មាននិងបណ្តាញអ៊ីនធឺណិត។ រូបថតមួយសន្លឹកនោះគឺត្រូវបានថតដោយមន្ត្រីពន្ធនាគារក្នុងរដ្ឋចរចាកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ខណៈដែលលោក ដូណាល់ ត្រាំ ត្រូវជាប់ក្នុងពន្ធនាគារប្រមាណជា ២០នាទី មុនពេលគេបញ្ជូនខ្លួនគាត់ទៅកាន់តុលាការ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែសីហាបានឲ្យដឹងថា ឥលូវនេះរូបថតរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេថតក្នុងនាមជាជនជាប់ចោទនោះត្រូវបានក្រុមការងាររបស់គាត់យកទៅបង្កើតជាម៉ាក់យីយោមួយដោយមានបោះពុម្ពនៅលើអាវយឺត ពែង និង Sticker សម្រាប់លក់ជូនក្រុមអ្នកគាំទ្រនយោបាយរបស់លោក ដូណាល់ ត្រាំ នៅទូទាំងអាមេរិក។ ក្រៅតែពីមានរូបភាពរបស់លោក ដូណាល់ ត្រាំ នៅលើផលិតផលទាំងអស់នោះក៏មានបន្ថែមនូវសារមួយផងដែរ គឺសារដែលមានន័យថា “កុំចុះចាញ់”។ ប្រភពខាងលើបានបន្តថា អាវយឺតដែលមានរូបថតរបស់ លោក ដូណាល់ ត្រាំ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤៧ដុល្លារសម្រាប់អាវមួយ ខណៈប្រាក់ដែលទទួលបានពីការលក់ផលិតផលទាំងនេះនឹងត្រូវបានគេយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤ខាងនេះ ដោយលោក ដូណាល់ ត្រាំ នឹងត្រូវឈរឈ្មោះជាបេក្ខភាពប្រនាធិបតីមួយអាណត្តិទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






