បារាំងនឹងចាយប្រាក់ជាង ២០០លានដុល្លារដើម្បីបំផ្លាញស្រាក្រហមដែលមានចំនួនលើសពីតម្រូវក្នុងទីផ្សារក្នុងគោលបំណងជួយគាំទ្រក្រុមអ្នកផលិតស្រា
- BY
- Pheakdey
- August 26, 2023
បារាំង៖ រដ្ឋាភិបាលនៃប្រទេសបារាំងបានប្រកាសប្រើប្រាស់កញ្ចប់ថវិកាចំនួន ២០០លានអឺរ៉ូ (២១៥,៩១០ ដុល្លារអាមេរិក) សម្រាប់ប្រើប្រាស់ក្នុងគោលបំណងបំផ្លាញស្រាទំពាំងបាយជូរ ដែលមានចំនួនលើសពីតម្រូវការនៅលើទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែសីហានេះ។ ក្នុងកញ្ចប់ទឹកប្រាក់ទាំង ២០០លានអឺរ៉ូនោះគឺមានប្រាក់ចំនួន ១៦០លាអឺរ៉ូត្រូវបានផ្តល់ជូនដោយមូលនិធិសហភាពអឺរ៉ុប និង ៤០លានអឺរ៉ូជាប្រាក់របស់រដ្ឋាភិបាលបារាំង។

ប្រភពខាងលើនេះបានបន្តថា ការសម្រេចអនុវត្តវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងគាំទ្រក្រុមអ្នកផលិតស្រាទំពាំងបាយជូរជាច្រើននៅក្នុងប្រទេសបារាំង ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងការរកប្រាក់ចំណូល ដ្បិតតម្រូវការនៃការបញ្ជាទិញផលិតផលស្រាផ្សេងៗរបស់ពួកគេបានធ្លាក់ចុះ ដែលធ្វើឲ្យតម្លៃស្រាត្រូវធ្លាក់ចុះយ៉ាងខ្លាំង ចង្វាក់ផលិតកម្មនៃការផលិតស្រាថ្មីត្រូវជាប់គាំង ខណៈបរិមាណផលិតផលស្រានៅលើទីផ្សារកំពុងមានចំនួនលើសពីតម្រូវការយ៉ាងច្រើន។ បញ្ហានេះបានកើតឡើងក៏ដោយហេតុថា ពលរដ្ឋជាច្រើននៅលើពិភពលោកសុទ្ធតែបានរងផលប៉ះពាល់សេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ដែលធ្វើឲ្យពួកគេត្រូវកាត់បន្ថយការចំណាយលុយសម្រាប់ទិញស្រាមកទទួលទាន។ សូមបញ្ជាក់ជូនថា កញ្ចប់ថវិកាទាំង ២០០លានអឺរ៉ូនេះនឹងត្រូវគេយកទៅប្រើប្រាស់តាមរយៈមធ្យោបាយផ្សេងៗក្នុងគោលបំណងទប់តម្លៃស្រាទំពាំងបាយជូរកុំឲ្យបន្តធ្លាក់ចុះទៀត ដើម្បីធានាឲ្យបានថាចង្វាក់ផលិតកម្មនៃការផលិតស្រាថ្មីនៅតែអាចបន្តដំណើរការបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






