យោធាអាមេរិក ៣នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសអូស្រ្តាលី
- BY
- Pheakdey
- August 27, 2023
អូស្រ្តាលី៖ យ៉ាងហោចណាស់មានមន្ត្រីយោធាជើងទឹកអាមេរិកចំនួន ៣នាក់ត្រូវបានរាយការណ៍ថាស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអាទិត្យ ទី២៧ ខែសីហាម្សិលមិញនេះ។ យន្តហោះដែលបានជួបឧបទ្ទវហេតុនោះគឺជាយន្តហោះចម្បាំងប្រភេទ Osprey ដែលកំពុងធ្វើសមយុទ្ធយោធានៅលើកោះត្រូពិចដាច់ស្រយាលមួយនៅភាគខាងជើងប្រទេសអូស្រ្តាលី។

ប្រភពខាងលើបានបន្តថា នៅក្នុងយន្តហោះចម្បាំងខាងលើនេះមានផ្ទុកយោធាអាមេរិកសរុបចំនួន ២៣នាក់ ហើយក្រោយពីបានជួបគ្រោះថ្នាក់គឺមានយោធាចំនួន ៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យោធាចំនួន ៥នាក់បានរងរបួសធ្ងន់និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈអ្នកផ្សេងទៀតបានរងរបួសស្រាល។ សូមបញ្ជាក់ជូនថា នៅក្នុងការធ្វើសមយុទ្ធយោធាខាងលើនេះគឺមានយោធាសរុបរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






