អន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវជប៉ុនបានរកឃើញថ្នាំដែលអាចបណ្ដុះធ្មេញថ្មី ហើយកំពុងត្រៀមសាកល្បងនៅលើមនុស្សនៅឆ្នាំក្រោយនេះ

BY
autoadmin
August 29, 2023

ក្រុមស្រាវជ្រាវរបស់ប្រទេសជប៉ុន​កំពុង​អភិវឌ្ឍន៍ថ្នាំដែលអាចបណ្ដុះធ្មេញថ្មីជាលើកដំបូងបំផុត ហើយការធ្វើតេស្តលើមនុស្សទំនងនឹងត្រូវចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៤។ ថ្នាំបណ្ដុះធ្មេញនេះ គឺមានគោលបំណងសម្រាប់មនុស្សដែលអ្នកមានបញ្ហាខ្វះធ្មេញពីកំណើត ឬហៅថា Anodontia ហើយក្រុម​នេះ​មាន​គោល​បំណងសម្រេចវាឱ្យបាន និងអាចដាក់វាឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ ខាងមុខ។ នៅក្នុងការពិសោធន៍ពីមុននៅលើសត្វ ថ្នាំនេះបានបង្ហាញពីការជំរុញឱ្យមានការរីកលូតលាស់នៃធ្មេញ «ទី៣» បន្ទាប់ពីធ្មេញព្រៃ និងធ្មេញស្រុក។

លោក Katsu Takahashi អ្នកជំនាញមាត់ធ្មេញនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano Hospital ក្នុងទីក្រុង Osaka និងជាអ្នកដឹកនាំនៃការស្រាវជ្រាវនេះបាននិយាយថា៖«គំនិតនៃការដុះធ្មេញថ្មី គឺជាក្តីសុបិនរបស់ទន្តបណ្ឌិតគ្រប់រូប។ ខ្ញុំបានធ្វើការលើបញ្ហានេះតាំងពីខ្ញុំទើបបញ្ចប់ការសិក្សា»។ បន្ទាប់ពីបានបញ្ចប់សញ្ញាបត្រទន្តបណ្ឌិត លោក Takahashi ក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក molecular biology នៅសាកលវិទ្យាល័យ Kyoto ក្នុងឆ្នាំ១៩៩១ ហើយបន្ទាប់មកគាត់ បានទៅសិក្សានៅសហរដ្ឋអាមេរិក។ នៅកំឡុងពេលនោះ គាត់ក៏បានសិក្សាពាក់ព័ន្ធនឹង Anodontia នៅលើសត្វកណ្ដុរផងដែរ ដែលធ្វើឱ្យគាត់មានបំណងឱ្យការស្រាវជ្រាវនេះ អាចទៅរួចជាមួយនឹងមនុស្សដូចគ្នា។

Anodontia គឺជាលក្ខខណ្ឌពីកំណើត ដែលបណ្តាលឱ្យធ្មេញមានការលូតលាស់តិចជាងធម្មតា ហើយវាកើតមានប្រហែល ១% នៃចំនួនប្រជាជនសរុប។ មនុស្សដែលធំឡើងជាមួយនឹងជំងឺធ្មេញ មានភាពលំបាកជាមួយនឹងសមត្ថភាពដូចជា៖ ការទំពារ លេប និងការនិយាយតាំងពីក្មេង ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍របស់ពួកគេទាំងនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ EURO NEWS, Mainichi

Share This Post: