ជនជាតិចិន ៨៨នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនជុំវិញករណីបោកប្រាស់ស្នេហាតាមអ៊ីនធឺណិតដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានធ្វើការចាប់ខ្លួនពលរដ្ឋចិនចំនួន ៨៨នាក់ជុំវិញករណីបោកប្រាស់ស្នេហាតាមបណ្តាញអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣០ ខែសីហានេះ។ នៅក្នុងចំណោមជនជាតិចិនទាំង ៨៨នាក់នោះ គឺមានបុរសចំនួន ៨៣នាក់ និងស្រ្តីចំនួន ៥ នាក់ ខណៈពួកគេត្រូវបានចាប់ខ្លួននៅទីក្រុង Batam ខេត្ត Riau Island ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រុមជនខិលខូចទាំងនេះបានធ្វើការបោកប្រាស់ជនរងគ្រោះតាមរយៈការបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយដោយប្រើប្រាស់ Video Call ជាមធ្យោបាយសម្រាប់ទាក់ទងគ្នា និងបន្ទាប់មកពួកគេក៏បានល្បួងឲ្យជនរងគ្រោះថតវីដេអូ ឬរូបភាពអាក្រាតកាយឲ្យពួកគេមើល។ ក្រោយទទួលបានវីដេអូ ឬរូបភាពទាំងនោះហើយ ពួកគេក៏ផ្តើមជំរិតទាប្រាក់ពីក្រុមជនរងគ្រោះដោយគំរាមបង្ហោះវីដេអូនិងរូបភាពទាំងអស់នោះជាសាធារណៈ បើជនរងគ្រោះមិនព្រមផ្ញើលុយឲ្យពួកគេនោះទេ។ ប្រភពខាងលើបានបន្តថា ក្រុមជនខិលខូចទាំងនេះបានធ្វើការបោកប្រាស់ជនរងគ្រោះនៅក្នុងប្រទេសចិនអស់ជាច្រើនរយនាក់ហើយ ខណៈពេលនេះអាជ្ញាធរឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតបន្តទៀតដើម្បីរកឲ្យឃើញថា ពួកគេបានធ្វើការបោកប្រាស់ពលរដ្ឋឥណ្ឌូនេស៊ីដែរឬអត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia