កូរ៉េខាងជើងធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់
- BY
- autoadmin
- August 31, 2023
ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងបានបាញ់មីស៊ីលផ្លោងចំនួន ២ កាលពីថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េបាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅទិសឦសានពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង ហើយការប្រកាសនេះត្រូវបានធ្វើឡើងដោយកាសែត Rodong Sinmun គណបក្សកាន់អំណាចនៅថ្ងៃព្រហស្បតិ៍នេះ។
កូរ៉េខាងជើងបាននិយាយថា សមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រខ្លួន បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងទីលានអាកាសប្រតិបត្តិការរបស់កូរ៉េខាងត្បូង។ ពួកគេក៏បាននិយាយថា មីស៊ីលត្រូវបានបំផ្ទុះនៅរយៈកម្ពស់ ៤០០ ម៉ែត្រពីលើកោះគោលដៅ។ យោធាកូរ៉េខាងជើងបាននិយាយថា សមយុទ្ធកាលពីថ្ងៃពុធគឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធរួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិកនៅថ្ងៃតែមួយ។ ដូច្នេះខ្លួននឹងមិនអង្គុយមើល «សកម្មភាពព្រហើន» របស់យោធាអាមេរិក និងកូរ៉េខាងត្បូងឡើយ៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: