អន្តរជាតិ

ប្រទេសថៃបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងទម្រង់ថ្មី HK.3 ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
August 31, 2023

យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសថៃ (DMS) បានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី HK.3 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសថៃ។ DMS បាននិយាយថា ករណី HK.3 ចំនួន ២ ត្រូវបានរកឃើញពីសមាជិកគ្រួសារមួយ ដែលរស់នៅទីក្រុងបាងកក ប៉ុន្តែនាយកដ្ឋានមិនអាចបញ្ជាក់ថា តើល្បឿននៃការចម្លង និងភាពធ្ងន់ធ្ងររបស់ HK.3 មានខ្ពស់ជាងវ៉ារ្យ៉ងពីមុនៗនោះទេ។ ប្រធាននាយកដ្ឋាន លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយថា វ៉ារ្យ៉ង់ថ្មីនេះបានឆ្លងលើបុរសអាយុ ៦៥ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ហើយស្ថានភាពជំងឺរបស់ពួកគេគឺស្រាលៗប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា វាលឿនពេកក្នុងការអះអាងថា វ៉ារ្យ៉ង់ទម្រង់ថ្មី HK.3 នឹងអាក្រក់ជាងប្រភេទរងដទៃទៀតរបស់ COVID-19 អូមីក្រុង។ ការអត្ថាធិប្បាយរបស់លោកវេជ្ជបណ្ឌិត Supakit Sirilak ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ពលរដ្ឋ ស្របពេលដែលកន្លងមកមានរបាយការណ៍បញ្ជាក់ថា សមត្ថភាពចម្លងរបស់ HK.3 គឺលឿនជាងវ៉ារ្យ៉ង់ដែលកំពុងគ្រប់គ្រងប្រទេសថៃនាពេលបច្ចុប្បន្ន រហូតដល់ទៅ ៦៦% ហើយសមត្ថភាពចម្លងរបស់វាកើនដល់ ៩៦% បើប្រៀបធៀបជាមួយនឹងវ៉ារ្យ៉ង់ XBB.1.16 ដែលបានរកឃើញនៅក្នុងប្រទេសថៃពីមុន៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: