ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការណាសា កំពុងសិក្សាលើការហោះហើរយន្តហោះល្បឿនលឿនជាងសំឡេង supersonic ហើយការសាកល្បងដំបូងនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ

    BY autoadmin August 31, 2023
    អង្គការណាសា កំពុងសិក្សាលើការហោះហើរយន្តហោះល្បឿនលឿនជាងសំឡេង supersonic ហើយការសាកល្បងដំបូងនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ

    យោងតាមរបាយការណ៍របស់សារព័ត៌មាន CNN បានឱ្យដឹងថា ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) កំពុងធ្វើការសិក្សាលើ «យុទ្ធសាស្ត្រល្បឿនលឿន» ដែលអាចកាត់បន្ថយរយៈពេលនៃការហោះហើរ ពីទីក្រុងញូវយ៉ករបស់អាមេរិក ទៅកាន់ទីក្រុងឡុងដ៍របស់អង់គ្លេស មកត្រឹមរយៈពេល ៩០ នាទីប៉ុណ្ណោះ។ បច្ចុប្បន្នយន្តហោះដឹកអ្នកដំណើរទូទៅ គឺអាចជិះក្នុងល្បឿន ៦០០ ម៉ាយ/ម៉ោង ប៉ុន្តែណាសាកំពុងស្វែងរកលទ្ធភាពនៃការរចនាយន្តហោះ supersonic ដែលអាចដំណើរការបានក្នុងចន្លោះល្បឿន ១,៥៣៥ ម៉ាយ/ម៉ោង (Mach2) ទៅដល់ ៣,០៤៥ ម៉ាយ/ម៉ោង (Mach4)។

    មជ្ឈមណ្ឌលស្រាវជ្រាវ Glenn របស់អង្គការណាសា បាននិយាយថា បច្ចុប្បន្ននេះក្រុមស្រាវជ្រាវបានរកឃើញផ្លូវហោះហើរសក្ដានុពលចំនួន ៥០ សម្រាប់យន្តហោះល្បឿនលឿនជាងសំឡេង supersonic។ ផ្លូវទាំងនោះសុទ្ធតែជាផ្លូវឆ្លងកាត់មហាសមុទ្រ ដោយសារតែប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក ដាក់ការហាមឃាត់ការហោះហើរយន្តហោះ supersonic ឆ្លងកាត់ផ្លូវលើដី ព្រោះតែសំឡេងរំខានរបស់វា។ ដូច្នេះ អង្គការណាសា ក៏កំពុងព្យាយាមធ្វើឱ្យច្បាប់នៃហោះហើរយន្តហោះ supersonic នៅលើដីត្រូវបានផ្លាស់ប្តូរផងដែរ។

    ក្រោមបេសកកម្ម Quesst ណាសាកំពុងអភិវឌ្ឍយន្តហោះ X-59 ដែលមានបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខានខ្លាំង ដើម្បីឱ្យយន្តហោះលឿនជាងសំឡេងមួយនេះកាន់តែប្រសើរជាងមុន។ ក្រុមស្រាវជ្រាវក៏នឹងចែកចេញជា ២ផ្នែក ដែលមានមួយនឹងត្រូវដឹកនាំដោយក្រុមហ៊ុន Boeing ហើយមួយទៀត ដោយក្រុមហ៊ុន Northrop Grumman Aeronautics Systems។ នៅក្នុងដំណាក់កាលថ្មីនេះ អង្គការណាសា នឹងពិចារណាខ្លាំងបំផុតលើបញ្ហា «សុវត្ថិភាព ប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គម» ហើយការសាកល្បងដំបូងនឹងចាប់ផ្ដើមនៅឆ្នាំក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: