សប្បុរសជនអាថ៌កំបាំងម្នាក់ បរិច្ចាគមាស ២១គីឡូក្រាមដល់ទីក្រុង Osaka របស់ជប៉ុន ដើម្បីជួសជុលប្រព័ន្ធទឹក
ជប៉ុន៖ ទីក្រុង Osaka បានទទួលអំណោយគួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ពោលគឺជាដុំមាសដែលមានទម្ងន់សរុប ២១គីឡូក្រាម ដើម្បីយកទៅជួសជុលប្រព័ន្ធទឹក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ។ រឿងគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺសប្បុរសជនដែលបានបរិច្ចាគអំណោយដ៏ច្រើនសន្ធឹកសន្ធាប់នេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនឡើយ។

បើតាមលោក Hideyuki Yokoyama អភិបាលក្រុង Osaka បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា សប្បុរសជនអាថ៌កំបាំងម្នាក់បានបរិច្ចាគមាសដ៏ច្រើននេះតាំងពីចុងខែវិច្ឆិកាកន្លងទៅម្លេះ តែដោយហេតុការណ៍សប្បុរសជនមិនបានបញ្ជាក់អំពីអត្តសញ្ញាណខ្លួន ទើបខាងអាជ្ញាធរត្រូវបើកការស៊ើបអង្កេតជាមុនសិន មុននឹងសម្រេចប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះជាផ្លូវការ។ អភិបាលក្រុងរូបនេះបានបន្តថា មាសទាំង ២១គីឡូក្រាមនេះ បើគិតក្នុងតម្លៃទីផ្សារនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះគឺអាចមានតម្លៃជាទឹកប្រាក់ប្រមាណជា ៥៦០លានយេន (៣,៦លានដុល្លារ)។ សូមបញ្ជាក់ជូនថា ទីក្រុង Osaka គឺជាទីក្រុងធំលំដាប់ទី៣ នៅក្នុងប្រទេសជប៉ុន មានប្រជាពលរដ្ឋកំពុងរស់នៅជិត ៣លាននាក់ ហើយទីក្រុងមួយនេះតែងមានបញ្ហាប្រព័ន្ធនិងប្រព័ន្ធលូជាញឹកញាប់ ជាក់ស្តែងកាលពីឆ្នាំ២០២៤ កន្លងទៅ ទីក្រុង Osaka បានជួបប្រទះបញ្ហាធ្លាយទុយោទឹកនៅក្រោមដីជាង ៩០ករណី៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC