បុគ្គលិកអាកាសចរណ៍ ២រូបកំពុងស្ថិតក្រោមការស៊ើបអង្កេត ក្រោយនាំគ្នាចេញមករាំលេងនិងថតរូបនៅលើស្លាបយន្តហោះ (មានវីដេអូ)
អាហ្សង់ទីន៖ បុគ្គលិកបម្រើការងារនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Air Lines ចំនួន ២រូបកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោយពួកគេបាននាំគ្នាចេញមករាំលេងនិងថតរូបនៅលើស្លាបយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅនេះ។ ក្នុងចំណោមបុគ្គលិកទាំង ២រូបនោះគឺមានម្នាក់ជាស្រ្តី ដែលមានតួនាទីជាអ្នកបម្រើលើយន្តហោះ និងម្នាក់ទៀតជាបុរស ដែលមានតួនាទីជាប្រធានអ្នកបើកបរជាន់ខ្ពស់។
ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅលើស្លាបយន្តហោះ Boeing 777 ដែលកំពុងចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។ សកម្មភាពកំសាន្តសប្បាយភ្លេចខ្លួនរបស់បុគ្គលិកអាកាសចរណ៍ទាំង ២រូបខាងលើនេះត្រូវបានគេថតជាវីដេអូនិងយកទៅបង្ហោះពេញបណ្តាញអ៊ីនធឺណិត ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។ សូមបញ្ជាក់ថា សកម្មភាពរបស់បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ទាំង ២រូបនេះត្រូវបានចាត់ទុកជាការបំពានទៅនឹងវិធានការសុវត្ថិភាពក្នុងការធ្វើដំណើរតាមយន្តហោះ ខណៈដែលពួកគាត់គឺជាបុគ្គលដែលត្រូវអនុវត្តវិធានការនេះយ៉ាងខ្ជាប់ខ្ជួនក៏ដូចជាធ្វើការណែនាំទៅកាន់ក្រុមអ្នកដំណើរផងដែរ។ យ៉ាងណាក្តី រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថាខាងក្រុមហ៊ុនឬអាជ្ញាធរអាកាសចរណ៍នឹងចាត់វិធានការយ៉ាងដូចម្តេចចំពោះពួកគាត់នៅឡើយទេ៕
SWISS cabin crew in serious trouble for taking selfies on a 777 wing in Buenos Aires. pic.twitter.com/NrwevZ8ys8
— Breaking Aviation News & Videos (@aviationbrk) August 25, 2023
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time