តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅម៉ារ៉ុកកើនឡើងដល់ជាង ២ពាន់នាក់
ម៉ារ៉ុក៖ របាយការណ៍ចុងក្រោយមួយស្តីពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសម៉ារ៉ុក ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានឲ្យដឹងថា តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីបានកើតឡើងរហូតដល់ជាង ២,១២២នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ចំពោះតួលេខអ្នករងរបួសវិញគិតត្រឹមពេលនេះគឺមានចំនួន ២,៤២១នាក់។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់និងរងរបួសហើយ គឺនៅមានពលរដ្ឋម៉ារ៉ុកជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាគ្មានកន្លែងស្នាក់នៅ និងខ្វះខាតអាហារសម្រាប់ទទួលទាន។ គួររម្លឹកជូនថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃសៅរ៍ ទី៩ ខែកញ្ញាម្ល៉េះ ដោយមានកម្រិតញ័រ ៧,២ រ៉ិចទ័រ ខណៈហេតុការណ៍នេះគឺជាគ្រោះរញ្ជួយដ៏ធ្ងន់ធ្ងរមិនធ្លាប់កើតមាននៅក្នុងប្រទេសម៉ារ៉ុកនោះទេ បើគិតក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia