ក្មេងស្រីតូចម្នាក់ មានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោមការជួយឧបត្ថម្ភទំនុកបម្រុងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
- September 12, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបញ្ហាក្នុងការបន្ទោរបង់ឧច្ចារៈ(លាមក) ហើយកាលពីអាយុ ១ខែកន្លះកន្លងទៅ ក្មួយស្រី មានអាការហើមពោះ បន្ទោបង់មិនចេញ និងបានទទួលការព្យាបាលដោយវះកាត់ចំនួន ២ លើក ប៉ុន្តែដោយសារមាតាបិតាមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបន្តបាន។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចាត់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ធ្វើការសម្របសម្រួលបញ្ជូនក្មួយស្រីមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ទី៩ កញ្ញា ២០២៣។ បច្ចុប្បន្ន ក្រុម គ្រូពេទ្យឯកទេសកំពុងពិនិត្យ និងព្យាបាលជូនក្មួយស្រីយ៉ាងយកចិត្តទុកដាក់បំផុត។
ការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា រីឯការចំណាយលើ ការស្នាក់នៅ និងហូបចុកផ្សេងៗ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សូមរម្លឹកថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករប្រមាណជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩កញ្ញា កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រ សាប្រ៊ីណា បានបីកូនអាយុ៣ឆ្នាំដែលមានជំងឺរ៉ាំរ៉ៃអង្គុយរង់ចាំជួបសម្តេចធិបតី។
គ្រាន់តែមកអង្គពិធីភ្លាមសម្តេចធិបតី បានមកជួបកម្មការិនី ហៀង ចាន់ និង កូនដែលកំពុងអង្គុយរង់ចាំភ្លែត ហើយបានសួរនាំពីជំងឺ និងបានបញ្ជាឱ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាំកុមារ និងម្តាយទៅមន្ទីរពេទ្យភ្លាមៗនិងព្យាបាយដោយឥតគិតថ្លៃ៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






