ព័ត៌មានជាតិ

វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក

BY
Khmernote Media
September 13, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រគល់មកវិញនូវសម្បត្តិវប្បធម៌របស់កម្ពុជា៖ វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសេចក្តីរីករាយសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅ កាត់ថា “USAO-SDNY”) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ វត្ថុបុរាណទាំងនោះរួមមានដូចជា៖ បដិមាព្រះវិស្ណុ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជា ភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។

យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជា ប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធ្នស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់ កម្ពុជាដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និង អ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញនូវសម្បត្តិវប្បធម៌ជាតិ របស់យើង។

យើងមានសេចក្តីរំភើបក្រៃលែង ដែលស្នាដៃដ៏ល្អឯកទាំងនេះត្រូវបានប្រគល់មកវិញ បន្ទាប់ពីកិច្ច សហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងអស់រយៈពេលជាងបីឆ្នាំមក។ ក្នុងនោះ រូបចម្លាក់ ព្រះធ្នស្ថទ្យុមន៍ គឺជាបដិមាដ៏សំខាន់មួយសម្រាប់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដោយសាររូបនេះគឺជាបដិមាមួយ ក្នុងចំណោមបដិមាទេពទាំង៩អង្គ ដែលមានប្រភពមកពីប្រាសាទចិននៅកោះកេរ។ បដិមា ព្រះធ្នស្ថទ្យុមន៍ ត្រូវបានគេលួចក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ហើយបានដាក់លក់ដេញថ្លៃនៅឆ្នាំ១៩៩៤ ដោយក្រុមហ៊ុន Chinese Porcelain Company ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ក្រោយមក រូបភាពបដិមានេះត្រូវបានបង្ហាញនៅ ក្នុងទស្សនាវដ្តី Architectural Digest។ យើងក៏មានក្តីរំភើបឥតឧបមាដែលដឹងថា បដិមាសំខាន់ៗចំនួនពីរទៀត ដែលមានប្រភពមកពីប្រាសាទក្រចាប់នៅកោះកេរ នឹងត្រូវប្រគល់ត្រឡប់មកវិញដែរ គឺបដិមាព្រះវិស្ណុផ្ទុំ និងបដិមា អឌ្ឍនារីស្វរ ដែលត្រូវបានលួចក្នុងឆ្នាំ១៩៩៧។ បដិមាព្រះវិស្ណុផ្ទុំ ត្រូវបានគេលួចយកចេញពីតួប៉មកណ្ដាលនៃ ប្រាសាទក្រចាប់។ យើងក៏កត់សម្គាល់ផងដែរអំពីសារៈសំខាន់នៃព្រះសិរ្សអសុរា និងទេព ដែលមានអាយុកាលក្នុង សម័យអង្គរនៃរាជ្យព្រះមហាក្សត្រដ៏អស្ចារ្យបំផុតមួយគឺ ព្រះបាទជ័យវរ្ម័នទី៧” ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Share This Post: