ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលអាមេរិកចោទប្រកាន់ក្រុមហ៊ុន Google ថាបានផ្តល់ប្រាក់ ១០ពាន់លានដុល្លារទៅកាន់ក្រុមហ៊ុនជាច្រើនដើម្បីការពារភាពផ្តាច់មុខរបស់ខ្លួននៅលើអ៊ីនធឺណិត

    BY Pheakdey September 13, 2023
    រដ្ឋាភិបាលអាមេរិកចោទប្រកាន់ក្រុមហ៊ុន Google ថាបានផ្តល់ប្រាក់ ១០ពាន់លានដុល្លារទៅកាន់ក្រុមហ៊ុនជាច្រើនដើម្បីការពារភាពផ្តាច់មុខរបស់ខ្លួននៅលើអ៊ីនធឺណិត

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន Google ថា បានផ្តល់ប្រាក់ចំនួន ១០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់ក្រុមហ៊ុន Apple និងក្រុមហ៊ុនមួយចំនួនទៀតដើម្បីការពារភាពផ្តាច់មុខរបស់ខ្លួនក្នុងការស្វែងរកនៅលើបណ្តាញអ៊ីនធឺណិត។  បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែកញ្ញានេះបានបញ្ជាក់ថា​ ការចោទប្រកាន់ខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងថ្ងៃបើកការកាត់ក្តីករណីបំពានទំនុកចិត្តដ៏ធំមួយនៅអាមេរិកក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។

    បើតាមលោក Kenneth Dintzer ដែលជាមេធាវីតំណាងឲ្យក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា ករណីខាងលើនេះនឹងជះឥទ្ធិពលដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុន Google ក្នុងពេលអនាគត ខណៈរដ្ឋាភិបាលអាមេរិកកំពុងព្យាយាមដោះស្រាយបញ្ហាធំៗជាច្រើនក្នុងវិស័យបច្ចេកវិទ្យានិងអ៊ីនធឺណិត។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្ប​ន្ននេះ Google គឺជាគេហទំព័រសម្រាប់ការស្វែងរកព័ត៌មាន រូបភាព វីដេអូ សៀវភៅ និងមាតិការសំខាន់ៗជាច្រើនទៀត ដែលមានអ្នកចូលទៅប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈក្រុមហ៊ុនមួយនេះអាចរកបានប្រាក់ចំណូលរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: