អន្តរជាតិ

មេរោគថ្មីមួយឈ្មោះ Nipah បានបណ្តាលឲ្យពលរដ្ឋឥណ្ឌា ២នាក់បាត់បង់ជីវិត និងកំពុងបង្កការចម្លងទៅកាន់មនុស្សជាង ៧០០នាក់ផ្សេងទៀត

BY
Pheakdey
September 14, 2023

ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសប្រទេសឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតមេរោគដ៏កាចសាហាវមួយមានឈ្មោះថា Nipah ដែលបានបណ្តាលឲ្យពលរដ្ឋឥណ្ឌាចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងឆាប់រហ័ស។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានម្នាក់ជាកូនក្មេង និងម្នាក់ទៀតជាមនុស្សវ័យជំទង់។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋឥណ្ឌាចំនួន ៧០៦នាក់ផ្សេងទៀតបានឆ្លងមេរោគ Nipah នេះ ដោយក្នុងនោះមានអ្នកឆ្លងចំនួន ១០៥នាក់គឺជាក្រុមគ្រូពេទ្យទៀតផង។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា មេរោគ Nipah អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវ ដែលមាននៅក្នុងខ្លួនសត្វប្រចៀវ ជ្រូក និងមនុស្សផងដែរ។ នៅចំពោះមុខស្ថានភាពរាតត្បាតមេរោគដ៏កាចសាហាវនេះអាជ្ញាធររដ្ឋ Kerala បានសម្រេចបិទសាលារៀន និងផ្អាកមធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនជាបណ្តោះអាសន្នសិន ខណៈអាជ្ញាធរហាក់នៅមិនទាន់មានវិធានការជាក់លាក់ណាមួយដើម្បីទប់ស្កាត់ការចម្លងមេរោគនេះនៅឡើយទេ៕

អត្ថបទ៖​ ភក្តី

ប្រភព៖ The Strait Time

Share This Post: