ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហ៊ានណាស់! ជនសង្ស័យម្នាក់ ដែលក្លែងព្រះរាជក្រឹត្យ តាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media September 15, 2023
    ហ៊ានណាស់! ជនសង្ស័យម្នាក់ ដែលក្លែងព្រះរាជក្រឹត្យ តាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលក្លែងព្រះរាជក្រឹត្យ តាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    ជនសង្ស័យខាងលើត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ។ ការចាប់ឃាត់ខ្លួននេះ ជនសង្ស័យបានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២ រួមមាន៖

    ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣។

    និងទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

    ការក្លែងឯកសារខាងលើ ជនសង្ស័យបានផលិតដោយប្រើកុំព្យូទ័រតាមកម្មវិធី Microsoft Word និង Adobe Photoshop ធ្វើនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញានេះដែរ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

    នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់ ៕

    ប្រភព៖ freshnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay