អន្តរជាតិ

កូរ៉េខាងត្បូងត្រៀមវ៉ាក់សាំងកូវីដ-១៩ ចំនួន ១៥លានដូសសម្រាប់ចាក់ជូនពលរដ្ឋខ្លួននៅក្នុងរដូវរងានេះ

BY
Pheakdey
September 19, 2023

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែកញ្ញាបានឲ្យដឹង​ថា ប្រទេសកូរ៉េខាងត្បូងបានត្រៀមវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ចំនួន ១៥លានដូសសម្រាប់ចាក់ជូនពលរដ្ឋខ្លួននៅក្នុងរដូវរងានេះ។ វ៉ាក់សាំងទាំង ១៥លានដូសនេះគឺជាវ៉ាក់សាំងប្រភេទ Pfizer ខណៈវ៉ាក់សាំងចំនួន ៤,០៤លានដូសនៃវ៉ាក់សាំងទាំងអស់នេះត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសកូរ៉េខាងត្បូងតាំងពីថ្ងៃម្សិលមិញម្ល៉េះ។

បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា បើទោះជាជំងឺកូវីដ-១៩ ហាក់មិនបានបង្កគ្រោះថ្នាក់ខ្លាំងដូចកាលពីពេលមុនក៏ពិតមែន តែលទ្ធភាពនៃការចម្លងជំងឺនេះនៅតែបន្តកើតមាននៅតាមសហគមន៍និងនៅតាមទីសាធារណៈ ហើយជាពិសេសក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងកូរ៉េខាងត្បូងបានព្យាករណ៍ថា នៅក្នុងរដូវរងាខាងមុខនេះលទ្ធភាពនៃការរាតត្បាតជាថ្មីនៃជំងឺកូវីដ-១៩ គឺមានខ្ពស់ខ្លាំងណាស់។ គួរបញ្ជាក់ជូនថា ជំងឺកូវីដ-១៩ ដែលកំពុងស្ថិតក្នុងការព្រួយបារម្ភរបស់អាជ្ញាធរកូរ៉េខាងត្បូងនោះគឺជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង XBB.1.5៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: