អន្តរជាតិ

កូរ៉េខាងត្បូងសម្រេចផ្តល់សេវាព្យបាលបញ្ហាផ្លូវចិត្តទៅកាន់គ្រូបង្រៀនទូទាំងប្រទេសដោយមិនគិតថ្លៃ ក្រោយករណីធ្វើអត្តឃាតក្នុងចំណោមគ្រូបង្រៀនបន្តកើនឡើង

BY
Pheakdey
September 19, 2023

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានអនុម័តកញ្ចប់ថវិកាចំនួន ១០ពាន់លានវ៉ុន (៧,៥ លានដុល្លារអាមេរិក) ដើម្បីប្រើប្រាស់ក្នុងការផ្តល់សេវាព្យាបាលជំងឺផ្លូវចិត្តដោយមិនគិតថ្ងៃទៅកាន់ក្រុមគ្រូបង្រៀននៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងករណីធ្វើអត្តឃាតក្នុងចំណោមគ្រូបង្រៀន ដែលបានបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលថ្មីៗនេះ។

បើតាមក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការអនុវត្តគម្រោងខាងលើនេះគឺក្រុមគ្រូបង្រៀនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យមកធ្វើតេស្តរកស្វែងរកបញ្ហាផ្លូវចិត្តដោយមិនគិតថ្លៃ ហើយបើក្នុងករណីដែលពួកគាត់តេស្តវិជ្ជមាននោះគឺពួកគាត់នឹងត្រូវទទួលបានការព្យាបាលដោយមិនគិតថ្លៃបន្ថែមទៀត រហូតដល់បញ្ហាផ្លូវចិត្តរបស់គាត់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០%។

គួរបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២៣នេះ ករណីគ្រូបង្រៀនធ្វើអត្តឃាតនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើតមានចំនួន ១៥ករណី ខណៈមានការសិក្សាមួយបានបង្ហាញថា គ្រូបង្រៀនកូរ៉េខាងត្បូងភាគច្រើនធ្លាប់ទៅរកសេវាព្យាបាលបញ្ហាផ្លូវចិត្ត ហើយបញ្ហាផ្លូវចិត្តនោះទៀតសោធ គឺបានកើតឡើងដោយសារតែសម្ពាធការងារ និងតវ៉ាផ្សេងៗពីសំណាក់ឪពុកម្តាយរបស់កូនសិស្ស៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: