កីឡាការិនីឆ្នើម ខាន់ ចេសា សម្រេចមិនចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ ដោយសារមូលហេតុផ្ទាល់ខ្លួន
- September 19, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា បានប្រកាសពីការសម្រេចចិត្តរបស់កីឡាការិនី ខាន់ ចេសា ក្នុងការដកខ្លួនចេញពីការប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅទីក្រុងហាងចូវ ប្រទេសចិន។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សហព័ន្ធបានបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា បានសម្រេចចិត្តមិនចូលរួមការប្រកួតក្នុងវិញ្ញាសាជីជីតស៊ូ Ne-Waza នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាងចូវ ប្រទេសចិន ដោយសារមូលហេតុផ្ទាល់ខ្លួន។
សហព័ន្ធកីឡាជីជីតស៊ូកម្ពុជាមិនមានការពាក់ព័ន្ធលើសេចក្ដីសម្រេចចិត្តនេះទេ។ សហព័ន្ធគោរពតាមការ សម្រេចចិត្តរបស់កីឡាការិនី ខាន់ ចេសា ហើយបញ្ហានេះក៏មិនមានផលប៉ះពាល់ណាមួយដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធក្នុងព្រឹត្តិការណ៍ប្រកួតនេះទេ។ សហព័ន្ធនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយកីឡាការិនី ខាន់ ចេសា ប្រកបដោយវិជ្ជាជីវៈ។
ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធគ្រោងបញ្ជូនអត្តពលិកចំនួន ០២រូបគឺ៖ កីឡាការិនី ខាន់ ចេសា ប្រកួតវិញ្ញាសា Ne-Waza នារីទម្ងន់ក្រោម៥២គីឡូក្រាម និងកីឡាករ មឿនលីម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza បុរសទម្ងន់ក្រោម៦៩គីឡូក្រាម។
ជាមួយគ្នានេះ សហព័ន្ធបានអះអាងថានឹងនៅតែបន្តផ្តោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តគាំទ្រកីឡាករ មឿនលីម សុបញ្ញ ដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post: