ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កំពុងរៀបចំឯកសារស្នើដាក់បញ្ចូល «ក្រមា និងមន្ទីរស-២១» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

BY
Khmernote Media
September 20, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម គង់ ពុទ្ធិកា ជាអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហើបឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារដើម្បីចុះក្រមា និងមន្ទីរស-២១ ដែលបច្ចុប្បន្នគឺសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតមានជាថ្មី។

ការលើកឡើងរបស់ ឯកឧត្ដម គង់ ពុទ្ធិកា បែបនេះ តាមរយៈការផ្ដល់បទសម្ភាសន៍ពីសារព័ត៌មានរបស់ BTV Cambodia ក្នុងសន្និសីទ ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្ដម គង់ ពុទ្ធិកា បានបង្កើបឱ្យដឹងថា៖ « ក្រសួងវប្បធម៌ វិចិត្រសិល្បៈ លោកមានផែនការនៅក្នុងការរៀបចំ ស្នើសុំចុះបញ្ជីប្រាង្គប្រាសាទផ្សេងៗទៀត ក៏ដូចជាវប្បធម៌អរូបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ បើតាមអ្វីដែលខ្ញុំ អាចទទួលព័ត៌មានបាន គឺលោកជំទាវរដ្ឋមន្ត្រី លោកកំពុងរៀបចំ ឯកសារដើម្បីស្នើសុំ ចុះបញ្ជីក្រមាទៅក្នុងបេតិកភណ្ឌពិភពលោកអរូបីមួយដែរ ដោយនេះជាការរំពឹងទុក ហើយយើងនឹងខិតខំប្រឹងប្រែងទៅមុខទៀត។ ក្រៅពីនោះ លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ក៏បានខិតខំប្រឹងប្រែង នៅក្នុងការស្នើសុំចុះបញ្ជី មន្ទីរគុកទួលស្លែង (ហៅកាត់ថា មន្ទីរស-២១) ទៅក្នុងបញ្ជីបេតិកភណ្ឌនៃការចងចាំពិភពលោកដែរ ដើម្បីឱ្យពិភពលោកចងចាំថា អ្វីដែលកើតមានឡើងនៅកម្ពុជានេះ គឺជាមេរៀនមួយដែរ ដែលមិនត្រូវកើតមានឡើងនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក » ៕

ប្រភព៖ BTV Cambodia

Share This Post: