ទើបរៀនថ្នាក់ទី១០សោះ ក្លាយជាចោរបាត់ទៅហើយ
រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេស តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ហ.ល ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកឯជនរងគ្រោះមានឈ្មោះ GARY SMITH ភេទប្រុស ជាជនជាតិអង្គគ្លេស ស្នាក់នៅអូតែល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងតែឈរជាមួយប្រពន្ធនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាក Best ពាក់ស្លាកលេខ ភ្នំពេញ 1GX-0653 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ តែត្រូវជនរងគ្រោះទាញមកវិញ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក៏ត្រូវប្រជាពលរដ្ឋរស់នៅក្បែរនោះចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងកេងកង៣សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕

