ស្រ្តីម្នាក់នៅសិង្ហបុរី ត្រូវចោរតាមប្រព័ន្ធអ៊ីនធឺណិតលួចប្រាក់អស់ ៧៦,០០០ដុល្លារ ក្រោយបញ្ជាទិញនំសែនព្រះខែពីគណនី Facebook មួយនេះ
- BY
- Pheakdey
- September 22, 2023
សិង្ហបុរី៖ ស្រ្តីម្នាក់ត្រូវខាតបង់ប្រាក់អស់ចំនួន ៧៦,០០០ដុល្លារ ក្រោយសម្រចចិត្តបញ្ជាទិញនំសែនព្រះខែតាមប្រព័ន្ធអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកញ្ញានេះ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Lee ហើយបច្ចុប្បន្នកំពុងបម្រើការងារជានាយកផ្នែករដ្ឋបាលនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងប្រទេសសិង្ហបុរី។
ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុអ្នកនាងបានបញ្ជាទិញនំសែនព្រះខែពី Facebook Page មួយ ដែលមានឈ្មោះថា “Sunshine Cake House” ដោយនំនោះត្រូវបានគេដាក់លក់ក្នុងតម្លៃ ២៩,៩០ ដុល្លារ សម្រាប់នំមួយប្រអប់ដែលមាននំតូចៗចំនួន ៨ដុំ។ យ៉ាងណាក្តី ក្នុងពេលទូរទាត់ប្រាក់សម្រាប់ទិញនំនោះ គឺគាត់ត្រូវឆ្លងកាត់ការប្រើប្រាស់ App មួយ ដែលកម្មវិធីទូរស័ព្ទនោះការពិតទៅគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមចោរអ៉ីនធឺណិត។ ដំណើរការខាងលើនេះបានអនុញ្ញាតឲ្យ ក្រុមចោរតាមប្រព័ន្ធអ៊ីនធឺណិតអាចលួចចូលទៅគ្រប់គ្រងទូរស័ព្ទដៃនិងគណនីធនាគាររបស់គាត់បាន ហើយបន្ទាប់មកក្រុមចោរក៏លួចផ្ទេរលុយចេញអស់ចំនួន ៧៦,០០០ដុល្លារ។ គិតត្រឹមពេលនេះអ្នកនាង Lee ដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរសិង្ហបុរីរួចហើយ ខណៈក្រុមប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖
- Share This Post: