ខ្មែរណូត

ស្វែងរក

  • PR

    លះបង់ខ្លាំង! ដើម្បីបទ «កាឡកណ្ណី» Step ចំណាយពេល ៩ខែ ផ្លាស់ប្ដូររូបរាងខ្លួនឯង

    BY Liny Chan September 22, 2023
    លះបង់ខ្លាំង! ដើម្បីបទ «កាឡកណ្ណី» Step ចំណាយពេល ៩ខែ ផ្លាស់ប្ដូររូបរាងខ្លួនឯង

    ការបោះជំហានប្រឡូកសិល្បៈសារជាថ្មី ក្រោយបាត់មុខ ៣ឆ្នាំ Step បានបង្ហាញមុខក្នុងនាមជាតារាចម្រៀង ក្នុងផលិតកម្មថ្មី “GenMusix” ជាមួយនឹងបទចម្រៀង MV ដ៏មានគុណភាព «កាឡកណ្ណី» ធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រតារាចម្រៀងរូបនេះភ្ញាក់ផ្អើលជាខ្លាំង តាមរយៈផ្ទាំងទស្សនីយភាពដ៏ប្លែកភ្នែក។

    ក្នុង MV បទចម្រៀងនេះ តារាចម្រៀងប្រុសរូបសង្ហា Step បានបង្ហាញឈុតឆាកអស្ចារ្យជាច្រើន ដែលមើលទៅប្រៀបដូចជាការសម្ដែងក្នុងភាពយន្តមួយ ដែលមានទាំងឈុតឆាកបែបស៊ិចស៊ី ឈុតបង្ហាញក្បាច់ដាវ ព្រមទាំងឈុតឆាកពិសេសៗជាច្រើនទៀត។ អ្វីដែលធ្វើឱ្យអ្នកទស្សនាចំហមាត់ មើលមិនហ៊ានព្រិចភ្នែកនោះ គឺឈុតបញ្ចេញសាច់ដុំកង់ៗ ហាប់ណែន មូលក្លំ ដ៏សង្ហារបស់ Step តែម្ដង ដោយកន្លងមកគេមិនដែលឃើញតារាចម្រៀងរូបនេះ សម្ដែងក្នុងឈុតឆាកដោះអាវឡើយ ពិសេសឈុតញ៉ាំស៊ូស៊ីលើខ្លួនបែបជប៉ុននេះតែម្ដង។
    ទម្រាំដាច់ចិត្តវិលត្រឡប់មកពិភពសិល្បៈចម្រៀងម្ដងទៀត Step បានគិតគូរយ៉ាងល្អិតល្អន់បំផុត ដើម្បីធ្វើយ៉ាងណាឱ្យការបង្ហាញខ្លួនរបស់គេមានអ្វីដែលថ្មីមកបង្ហាញទស្សនិកជន ពិសេសអ្នកគាំទ្ររបស់ខ្លួន។ តាមរយៈវីដេអូមួយ និយាយពីការផ្លាស់ប្ដូររូបរាង Step បាននិយាយថា៖ «ខ្ញុំគួរតែមានអ្វីថ្មី សម្រាប់អ្នកគាំទ្រ គួរតែឃើញអ្វីថ្មី និងគួរតែឃើញ Step ថ្មី អ្វីដែលមិនធ្លាប់ឃើញ Step ពីមុន»។ Step ប្រាប់ថា បទចម្រៀង«កាឡកណ្ណី» គឺជាបទទី១ ក្នុងរយៈពេល ៣ ឆ្នាំ ដែលមិនបានចេញបទចម្រៀងថ្មីទាល់តែសោះ។

    យ៉ាងណាមិញ ដើម្បីថតបទចម្រៀងនេះបាន ឧបសគ្គដ៏ធំមួយនោះ គឺការផ្លាស់ប្ដូររូបរាងថ្មី។ ក្រោយមានការពិភាក្សាយ៉ាងល្អិតល្អន់ Step បានចាប់ផ្ដើមហាត់ប្រាណ ដោយចំណាយពេលរហូតដល់ ៩ខែ ទើបអាចទទួលបានលទ្ធផលដូចដែលអ្នកទាំងអស់គ្នាបានឃើញក្នុងវីដេអូចម្រៀង។ រូបគេក៏បានប្រាប់ពីគន្លឹះសំខាន់ៗ ដើម្បីអាចទទួលបានលទ្ធផលល្អ គឺបន្ទាប់ពីការហាត់ប្រាណ របបអាហារក៏សំខាន់ដែរ ត្រូវធ្វើតមអាហារ ហើយហាត់មួយសប្ដាហ៍ ៥ ទៅ ៦ ថ្ងៃ ហើយមួយថ្ងៃហាត់យ៉ាងតិច ២ម៉ោង។

    ការហាត់ទៀតសោត គឺត្រូវដាក់ Schedule ថ្ងៃណាហាត់ស្មា ហាត់ទ្រូង ហាត់ខ្នង ហាត់ជើងជាដើម។ ដំបូងៗ Step ថាពិតជាពិបាកតែការតាំងចិត្ត តស៊ូ រហូតក្លាយជាទម្លាប់។ ក្រោយទទួលបានលទ្ធផលបន្ទាប់ពីចំណាយពេល ៩ខែ ទើបដំណើរការថតបទចម្រៀងថ្មីរបស់ខ្លួនបានចាប់ផ្ដើម និងយកមកបង្ហាញទស្សនិកជនជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ។
    Step ព្រមទាំងតារាចម្រៀងរួមទ្រនំ SK នឹងមានបទចម្រៀងថ្មីៗជាបន្តទៀត ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងការផលិតដោយមានគុណភាពលំដាប់អន្តរជាតិ និងផ្ទាំងទស្សនីយភាពដ៏ប្លែកភ្នែក ស្របតាមបរិទសម័យឌីជីថលដ៏អស្ចារ្យ៕


     


     

    Share This Post: