អន្តរជាតិ

ឥណ្ឌូនេស៊ីនិរទេសជនជាតិចិន ១៥៣នាក់ចេញពីប្រទេសខ្លួន ក្រោយពួកគេបានធ្វើសកម្មភាពបោកប្រាស់ស្នេហាតាមប្រព័ន្ធអ៊ីនធឺណិតបានប្រាក់សរុប ១,៣លានដុល្លារ

BY
Pheakdey
September 22, 2023

ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានធ្វើការនិរទេសជនជាតិចិនចំនួន ១៥៣នាក់ចេញពីប្រទេសរបស់ខ្លួន ដែលពលរដ្ឋចិនទាំងនេះគឺសុទ្ធតែជាជនល្មើសពាក់ព័ន្ធក្នុងករណីបោកប្រាស់ស្នេហាតាមប្រព័ន្ធអ៊ីនធឺណែត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ នៅក្នុងចំណោមពលរដ្ឋចិនទាំង ១៥៣នាក់នេះ ក៏មានស្រ្តីចំនួន ៥នាក់ផង ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគេម្នាក់ៗមិនត្រូវបានបង្ហាញសាធារណៈឡើយ។

ប្រភពខាងលើបានបន្តថា ភាគច្រើននៃក្រុមជនល្មើសបានធ្វើសកម្មភាពបោកប្រាក់ជាលក្ខណៈបណ្តាញរួមគ្នា ហើយល្បិចនៃការឆបោករបស់ពួកគេនោះ គឺពួកគេបានទាក់ទងទៅកាន់ក្រុមជនរងគ្រោះតាមរយៈបណ្តាញសង្គមដើម្បីបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយមួយ។ ក្រោយជនរងគ្រោះបានបាក់ចិត្តស្រលាញ់ពួកគេហើយ ពួកគេក៏ផ្តើមល្បួងឲ្យជនរងគ្រោះថតរូបអាក្រាតកាយ ឬវីដេអូធ្វើសកម្មភាពផ្លូវភេទផ្ញើឲ្យពួកគេមើល ហើយនៅទីបញ្ចប់ពួកគេបានប្រើប្រាស់រូបភាពឬវីដេអូទាំងនោះដើម្បីគំរាមទារប្រាក់ពីក្រុមជនរងគ្រោះជាថ្នូរនឹងការមិនបង្ហោះរូបភាព ឬ វីដេអូទាំងនោះជាសាធារណៈ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រុមជនល្មើសទាំងអស់នេះបានជំរិតទារប្រាក់ពីក្រុមជនរងគ្រោះសរុបប្រមាណជា ១,៣លានដុល្លារអាមេរិក គិតត្រឹមពេលដែលអាជ្ញាធរបានឃាត់ខ្លួនពួកគេនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: