ព័ត៌មានជាតិ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃេីញកុមារីម្នាក់ឆ្លងជំងឺ ហ្ស៊ីកា រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

BY
srey nuch
September 23, 2023

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កុមារីម្នាក់ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។ រោគសញ្ញាដំបូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាលកុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា។ ជំងឺហ្ស៊ីកា (Zika Virus) ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។

មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញា ជាធម្មតារួមមាន កន្ទួល គ្រុនក្តៅ រលាក សន្លាក់ ឈឺសាច់ដុំ និង ឈឺក្បាល ដែលមានរយៈពេល 2-7 ថ្ងៃ។ ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។

មន្រ្តីក្រុមឆ្លេីយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រី ជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្គេតស្រាវជ្រាវរកប្រភពចម្លង ដេីម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ និងធ្វេីអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលេី សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ព័ត៌មាន បន្ថែម សូម ទាក់ទង លេខ ១១៥ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: