ក្រសួងសុខាភិបាល សម្រេចបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហ៊ួរ និងតម្រូវឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកពីការពិតចេញពីបណ្តាញសង្គម
- September 25, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល របស់លោក ស៊ូ សេងហ៊ួរ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។
ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្ដអាគម ឬឱសថ បុរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លីបវីដេអូ ឬការផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ៕







- Share This Post:






